Connect with us

Hi, what are you looking for?

ពីនេះ ពីនោះ

តើការតម្លើងពន្ធរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប៉ះពាល់​ខ្លាំងដល់បងប្អូន​កម្មករ និងពលរដ្ឋកម្ពុជា​ដែរ ឬទេ?

កាលពីព្រឹកមិញនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាស​ពីការ​តម្លើងពន្ធ​ទៅ​លើ​ប្រទេស​នៅ​ក្នុង​តំបន់អាស៊ី ក្នុងនោះ​ប្រទេស​កម្ពុជា ត្រូវ​បានតម្លើងរហូត​ដល់ទៅ ៤៩%លើទំនិញនាំចូលពីកម្ពុជាដើម្បីឆ្លើយតបនឹងពន្ធរបស់កម្ពុជាលើអាមេរិកចំនួន ៩៧ភាគរយ។ តើការតម្លើងពន្ធនេះ ប៉ះពាល់​ខ្លាំងដល់បងប្អូន​កម្មករ និងពលរដ្ឋកម្ពុជា​ដែរ ឬទេ?

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា ជាការពិតអាចមានផលប៉ះពាល់ខ្លះ ប៉ុន្តែយើងអាចគ្រប់គ្រងបាន។ បើតាម​លោក ហេង សួរ ទី១ ការដាក់ពន្ធនេះជាការដាក់ទូទាំងពិភពលោក គ្រាន់តែដាក់ក្នុងអាត្រាខុសគ្នា អាស្រ័យទោះលើជញ្ជីងពាណិជ្ជកម្មរវាងអាមេរិក និងប្រទសនីមួយៗតែប៉ុណ្ណោះ។ ការដំឡើងពន្ធនេះ មិនមែនដោយសារកត្តានយោបាយ ឬដោយសារតែពួកប្រឆាំងអំពាវនាវឱ្យដាក់ទណ្ឌកម្មលើកម្ពុជាអីនោះទេ។

ទី២ កន្លងទៅកម្ពុជាក៏មានការបង់ពន្ធដែរ មិនមែនអត់បង់ពន្ធទាំងស្រុង តាមប្រព័ន្ធ GSP នោះទេ។ លោកប្រធានាធិបតី ត្រាំ ក៏បានដំឡើងពន្ធ ៤៦% លើប្រទេសវៀតណាម និងដំឡើងពន្ធលើប្រទេសបង់ក្លាដេសក្នុងអាត្រាមួយខ្ពស់ផងដែរ។អញ្ចឹងវាមិនបង្កឱ្យមានការលម្អៀងខ្លាំងលើថ្លៃដើមផលិតនៅកម្ពុជា ធៀបនឹងប្រទេសដទៃដែលជាដៃគូប្រជែងយើងនោះទេ។

ទី៣ សម្រាប់ឆ្នាំ២០២៥នេះ ផលប៉ះពាល់គឺមិនមាននោះទេ ដោយសារការបញ្ជាទិញសម្រាប់វិស័យកាត់ដែរ គឺមានមុនពេលដែលពន្ធត្រូវបានដាក់ ហើយការដាក់ពន្ធនេះគឺមិនមែនដាក់តែលើកម្ពុជានោះទេ គឺដាក់គ្រប់ប្រទេសដែលនាំចេញសម្លៀកបំពាក់។ ប្រសិនជាគេលុបចោលការបញ្ជាទិញ គេក៏ត្រូវបង់ការពិន័យនៃការលុបចោល ដែលចំណាយដើមទុនច្រើនជាងថ្លៃបង់ពន្ធ។ ចំណែកវិស័យស្បែកជើង ការបញ្ជាទិញគឺភាគច្រើនគឺដាក់ ៣ឆ្នាំ ជាប់គ្នា។ ដូច្នេះការបញ្ជាទិញឆ្នាំនេះ គឺសម្រាប់ឆ្នាំ២០២៦ និង ២០២៧ផងដែរ។ ប៉ុន្តែឆ្នាំ២០២៧ អាចមានការបញ្ហាប្រឈមខ្លះ ប្រសិនជាស្ថានភាពពន្ធនេះមានការបន្ធូរបន្ថយចំពោះប្រទេសគេ ប៉ុន្តែមិនមានការបន្ធូរបន្ថយសម្រាប់កម្ពុជាយើង។

ទី៤ ការនាំចេញរបស់កម្ពុជាក្នុងរយៈពេល ៥ឆ្នាំ ជាប់ៗគ្នានេះ គឺទៅអឺរ៉ុប ច្រើនជាងអាមេរិក។ ដូច្នេះយើងមានលទ្ធភាពពង្រីកទីផ្សារអឺរ៉ុបបន្ថែមទៀត។

ទី៥ ប្រទេសបង់ក្លាដេស ប្រទេសមីយ៉ាន់ម៉ា ដែលធ្លាប់តែជាដៃគូរប្រជែងធំ ហើយនាំចេញផលិតផលទៅអាមេរិកច្រើន ក៏នៅមានបញ្ហាផ្ទៃក្នុងរបស់ខ្លួន។

រដ្ឋមន្ត្រីក្រសួងការងារបន្ថែមថា ហេតុនេះយើងវាយតម្លៃថាការដំឡើងពន្ធនេះវាមិនប៉ះពាល់ ១០០% សម្រាប់វិស័យនាំចេញរបស់យើងនោះទេ។ យើងនឹងបន្តធ្វើការជាមួយអាមេរិក និងបង្កើតឱ្យមានបរិយាកាសវិនិយោគកាន់តែប្រសើរថែមទៀត ដើម្បីរក្សាឧត្តមភាពផលិកម្មរបស់យើង៕

អត្ថបទពេញនិយម