Connect with us

Hi, what are you looking for?

ពិភពលោក

ប្រជាជនកូរ៉េរាប់ម៉ឺននាក់ ធ្វើបាតុកម្ម ឲ្យប្រធានាធិបចុះចេញពីតំណែង

មនុស្សរាប់ម៉ឺននាក់បានចេញមកធ្វើបាតុកម្ម តវ៉ាទាមទារឲ្យប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ចុះចេញពីតំណែង ជុំវិញបញ្ហាច្បាប់អាជ្ញាសឹក។

បាតុករអំពាវនាវឱ្យប្រធានាធិបតីរូបនេះ លាឈប់ ខណៈពេលដែលពួកគេបានចូលរួមក្នុងការតវ៉ាដ៏ធំមួយ នៅកណ្តាល ទីក្រុងសេអ៊ូល កាលពីថ្ងៃព្រហស្បតិ៍។ បាតុកម្មនេះបានផ្ទុះឡើង ក្រោយមួយថ្ងៃ ដែលគណបក្សប្រឆាំង នៅកូរ៉េខាងត្បូង បានថ្លែងជំរុញឲ្យមានការចោទប្រកាន់ លើរូបលោកប្រធានាធិបតី Yoon Suk Yeol បន្ទាប់ពីការដាក់ច្បាប់អាជ្ញាសឹកដ៏វិសាមញ្ញ។

សកម្មភាពរបស់លោក Yoon បានធ្វើឱ្យសម្ព័ន្ធមិត្ត មានការភ្ញាក់ផ្អើល រួមមាន ទាំង សហរដ្ឋអាមេរិក ដែលមានទាហានជិត៣ម៉ឺននាក់ នៅក្នុងប្រទេសនេះ។ អាមេរិកថា «លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកូរ៉េខាងត្បូង មានភាពរឹងមាំ និងធន់ ហើយយើងនឹងបន្តនិយាយជាសាធារណៈ និងចូលរួមជាលក្ខណៈឯកជន ជាមួយសមភាគីកូរ៉េខាងត្បូង ដើម្បីពង្រឹងសារៈសំខាន់ នៃការបន្តលទ្ធិប្រជាធិបតេយ្យ»។

មេបក្សប្រឆាំងថ្លែងប្រាប់សភាថា លោក Yoon «បំពានរដ្ឋធម្មនុញ្ញ និងច្បាប់» ហើយចោទប្រកាន់លោកពីបទដាក់ច្បាប់អាជ្ញាសឹក ដើម្បីគេចពីការស៊ើបអង្កេត «លើការចោទប្រកាន់ថាជាទង្វើខុសច្បាប់ ពាក់ព័ន្ធនឹងខ្លួនគាត់ និងក្រុមគ្រួសាររបស់គាត់»។

ការប្រកាសច្បាប់អាជ្ញាសឹកនេះ ធ្វើឡើងក្នុងបរិបទនយោបាយដ៏តានតឹង នៅកូរ៉េខាងត្បូង ក្នុងនោះ លោក Yoon កំពុងតែប្រឈមមុខនឹងការប្រឆាំងខ្លាំង ពីសំណាក់សភា ដែលគ្រប់គ្រងដោយគណបក្សប្រឆាំង។ អ្នកវិភាគខ្លះយល់ថា ការប្រកាសច្បាប់អាជ្ញាសឹក អាចជាយុទ្ធសាស្រ្តមួយ របស់លោក Yoon ដើម្បីបង្ក្រាបក្រុមប្រឆាំង និងរឹតបន្តឹងអំណាច របស់លោក៕

ប្រភពពី AFP

អត្ថបទពាក់ព័ន្ធ