ភ្នំពេញ – នៅក្នុងសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ អង្គសភាបានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ដោយទទួលបានសំឡេងគាំទ្រជាឯកច្ឆន្ទ ១១៤ លើ ១១៤ សំឡេង។
សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធានេះ ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងដោយមានរចនាសម្ព័ន្ធរួមមាន ៨ ជំពូក និង ២០ មាត្រា។ គោលបំណងសំខាន់នៃការបង្កើតច្បាប់នេះ គឺដើម្បីបង្កើតជាមូលដ្ឋានគ្រឹះក្នុងការកសាងកម្លាំងសម្រាប់វិស័យការពារជាតិ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រទេសជាតិក្នុងសកម្មភាពការពារបូរណភាពទឹកដីឱ្យបានរឹងមាំ។
យោងតាមការលើកឡើងក្នុងសម័យប្រជុំរដ្ឋសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា កាតព្វកិច្ចយោធាមិនមែនត្រឹមតែជាភារកិច្ចការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូបក្នុងការចូលរួមបម្រើជាតិ។ ជាងនេះទៅទៀត វាក៏ជាសាលាបណ្តុះបណ្តាលនូវវិន័យ សីលធម៌ និងផ្នត់គំនិតវិជ្ជមាន ព្រមទាំងជួយពង្រឹងកាយសម្បទា និងស្មារតីរបស់យុវជនឱ្យកាន់តែរឹងមាំតាមរយៈការបណ្តុះស្មារតីស្នេហាជាតិ។

–
ក្រៅពីភារកិច្ចស្នូលលើវិស័យការពារជាតិ កងយោធពលខេមរភូមិន្ទនឹងបន្តដើរតួយ៉ាងសំខាន់ក្នុងការចូលរួមក្នុងសកម្មភាពអភិវឌ្ឍសង្គមជាតិ ការសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រប់រូបភាពនៅពេលមានគ្រោះមហន្តរាយផ្សេងៗ និងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យបានទាន់ពេលវេលា ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ ការអនុម័តច្បាប់នេះ គឺជាការបន្តនិរន្តរភាពនៃគោលការណ៍គ្រឹះរឹងមាំដែលត្រូវបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីធានាថា កម្ពុជានៅតែមានកម្លាំងការពារជាតិប្រកបដោយសមត្ថភាព និងមនសិការស្នេហាជាតិខ្ពស់បំផុត៕
