ទោះបីជាកម្ពុជាត្រូវបានទទួលស្គាល់ថាជា ប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅធំជាងគេលំដាប់ទីពីរនៅលើពិភពលោក ក៏ដោយ ប៉ុន្តែទិន្នផលសរុបត្រឹមតែ ៥ភាគរយ ប៉ុណ្ណោះ ដែលត្រូវបានកែច្នៃនៅក្នុងប្រទេស។

យោងតាមការឱ្យដឹងពីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ការខ្វះខាតសមត្ថភាពកែច្នៃក្នុងស្រុកនេះ បានធ្វើឱ្យកម្ពុជាបាត់បង់ចំណូលសក្តានុពលបន្ថែមជាង ១២៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ខណៈដែលកសិករ និងពាណិជ្ជករនៅតែប្រឈមមុខខ្ពស់នឹងហានិភ័យនៃបម្រែបម្រួលតម្លៃនៅលើទីផ្សារ។

ប្រទេសអូស្ត្រាលីកំពុងសហការជាមួយក្រុមហ៊ុន Olam Food Ingredients (ofi) ដែលជាក្រុមហ៊ុនកសិពាណិជ្ជកម្មសកល (មានចំណែកទីផ្សារ ២០-២៥% លើពិភពលោក) ដើម្បីបង្កើនសមត្ថភាពកែច្នៃឱ្យបាន ៨០តោនក្នុងមួយថ្ងៃ និងជំរុញការវិនិយោគរហូតដល់ ១០លានដុល្លារអាមេរិក ក្នុងវិស័យនេះ។

រាជរដ្ឋាភិបាលបានសម្រេចបង្កើត «សួនឧស្សាហកម្មស្វាយចន្ទី» នៅខេត្តកំពង់ធំ ដើម្បីប្រមូលផ្តុំរោងចក្រកែច្នៃគ្រប់ប្រភេទ ដោយមានការគាំទ្រលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបង្កើនតម្លៃបន្ថែម (Value-added) ដល់ផលិផលស្វាយចន្ទីកម្ពុជា។

ស្ថិតិនាំចេញក្នុងឆមាសទី១ ឆ្នាំ២០២៦៖
- បរិមាណនាំចេញ៖ គ្រាប់ស្វាយចន្ទីឆៅជាង ១,០៣០,០០០ តោន (១លាន ៣ម៉ឺនតោន) ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិ។
- ចំណូលទទួលបាន៖ ប្រមាណ ១,៧៥១ លានដុល្លារអាមេរិក (កើនឡើងជិត ២៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥)។
- ផ្ទៃដីប្រមូលផល៖ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាមានផ្ទៃដីប្រមូលផលសរុបជាង ៥៨ម៉ឺនហិកតា។

ការបង្កើនសមត្ថភាពកែច្នៃក្នុងស្រុក មិនត្រឹមតែជួយបង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់ពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហានយុទ្ធសាស្ត្រក្នុងការកសាងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ និងមានចីរភាព៕