នៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី២៥ ខែសីហា លោក ឆាំង យុ បានគូសបញ្ជាក់ពីទស្សនទាននៃ «ជញ្ជាំង» ដោយលើកឡើងថា ទោះបីជាជញ្ជាំងអាចផ្តល់នូវការការពារ សន្តិសុខ ឬការបែងចែកត្រឹមត្រូវក្នុងករណីចាំបាច់ និងស្របច្បាប់ក៏ដោយ ប៉ុន្តែជញ្ជាំងក៏អាចត្រូវបានគេយកមកបំពានធ្វើជាឧបករណ៍បិទបាំងនូវគោលនយោបាយ និងទង្វើខុសច្បាប់ផងដែរ។
លោកថា ការសាងសង់ជញ្ជាំងព្រំដែនរបស់កងទ័ពថៃ គឺមិនត្រូវបានទទួលស្គាល់ក្រោមច្បាប់អន្តរជាតិឡើយ ហើយគ្មានភាពស្របច្បាប់ក្នុងក្រសែភ្នែករបស់ប្រជាជននៃប្រទេសទាំងពីរដែលត្រូវបានបែងចែកនោះទេ។
ជាមួយគ្នា សំណង់នេះត្រូវបានបង្កើតឡើងដើម្បីតែផលប្រយោជន៍ខ្លីរបស់ក្រុមឥស្សរជនថៃ (Thai elite) ដែលឆ្លៀតកេងចំណេញពីភាពតានតឹងរវាងកម្ពុជា-ថៃ ដើម្បីរុញច្រានរបៀបវារៈនយោបាយផ្ទាល់ខ្លួន។
លោក ឆាំង យុ បានសង្កត់ធ្ងន់ជាចុងក្រោយថា យោធាថៃអាចមានអំណាចក្នុងការសាងសង់ជញ្ជាំងនេះបាន ប៉ុន្តែប្រវត្តិសាស្ត្របានបង្ហាញយ៉ាងច្បាស់ហើយថា រាល់ជញ្ជាំងណាដែលខ្វះមូលដ្ឋានគ្រឹះនៃច្បាប់ ភាពស្របច្បាប់ និងភាពចាំបាច់ខាងសីលធម៌ គឺគង់នឹងត្រូវដួលរលំ និងទទួលបរាជ័យជាមិនខាន៕
