ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១០ ព្រឹក ខណៈដែលកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បាននាំខ្លួនជនសង្ស័យទាំងពីរនាក់មកប្រគល់ជូនតំណាងអយ្យការដើម្បីចាត់ការតាមនីតិវិធី។
ប្រភពពីមន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យទាំងពីររូបជាប់ពាក់ព័ន្ធនឹងបទល្មើសលួច និងប្លន់។ ពួកគេបានឆ្លៀតឱកាសលោតផ្លោះរបងខាងក្រោយអគារតុលាការ ក្បែរបន្ទប់ទឹក រួចរត់គេចខ្លួនទាំងដៃជាប់ខ្នោះជាមួយគ្នា។
កាសែតខ្មែរថាម ដែលបានដកស្រង់សម្តីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជាក់ថា កម្លាំងសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត និងដាក់ពង្រាយប្រតិបត្តិការយ៉ាងក្តៅគគុក ដើម្បីតាមប្រមាញ់ និងចាប់ខ្លួនជនគេចខ្លួនទាំងពីររូបមកផ្តន្ទាទោសតាមផ្លូវច្បាប់វិញ៕
