ម៉ានីល ៖ ប្រទេសជប៉ុនបានប្រកាសចាប់ដៃគូយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីដោះស្រាយផលប៉ះពាល់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មកលើសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខថាមពល និងការផ្គត់ផ្គង់ប្រេងឥន្ធនៈ។ នេះបើយោងតាមការថ្លែងរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកៃឈិ (Sanae Takaichi) កាលពីថ្ងៃអង្គារកន្លងទៅ។

ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៩ ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិហ្វីលីពីន (PICC) លោកស្រី តាកៃឈិ បានគូសបញ្ជាក់ថា តាមរយៈ «ភាពជាដៃគូសុវត្ថិភាព និងសន្តិសុខ AI ជប៉ុន-អាស៊ាន» ភាគីទាំងពីរអាចរួមគ្នាស្វែងរកដំណោះស្រាយចំពោះហានិភ័យថ្មីៗដែលកើតចេញពីការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា AI។

លោកស្រីបានបន្ថែមថា ទីក្រុងតូក្យូនឹងបន្តជំរុញគំនិតផ្តួចផ្តើមបង្កើត AI រួមគ្នារវាងជប៉ុន និងអាស៊ាន ព្រមទាំងគោលគំនិតច្រករបៀងឌីជីថលនៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP)។ ក្រៅពីនេះ ជប៉ុនក៏នឹងបន្តគាំទ្រការពង្រឹងសមត្ថភាពសន្តិសុខលម្ហសមុទ្ររបស់អាស៊ាន ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញដែលមានការរៀបចំជាប្រព័ន្ធ និងការគាំទ្រមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ ដើម្បីបង្កើនភាពធន់នឹងគ្រោះមហន្តរាយក្នុងតំបន់។

ការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងសេដ្ឋកិច្ច

ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំនេះ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr.) បានថ្លែងថា អាស៊ានទន្ទឹងរង់ចាំធ្វើការកាន់តែជិតស្និទ្ធជាមួយប្រទេសជប៉ុន ជាពិសេសលើវិស័យបច្ចេកវិទ្យា AI។ លោកបានរំលឹកពីការដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ២០២៣ ដែលជាមូលដ្ឋានគ្រឹះសម្រាប់សន្តិភាព ស្ថិរភាព និងមជ្ឈភាពអាស៊ាន។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីជប៉ុនក៏បានបញ្ជាក់ពីការត្រួតពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន (AJCEP) ដើម្បីធ្វើឱ្យសមាហរណកម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅថែមទៀត។

យន្តការទប់ទល់នឹងការរំខានការផ្គត់ផ្គង់ប្រេងឥន្ធនៈ

ក្រៅពីបញ្ហាបច្ចេកវិទ្យា សន្តិសុខថាមពលគឺជាប្រធានបទក្តៅទីពីរដែលត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំកំពូលសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី (AZEC) លើកទី៤ នៅថ្ងៃដដែល។ ហ្វីលីពីន និងជប៉ុន កំពុងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីដោះស្រាយបញ្ហាការរអាក់រអួលនៃការផ្គត់ផ្គង់ប្រេង តាមរយៈការបញ្ចេញប្រេងបម្រុងដោយមានការសម្របសម្រួល ការរៀបចំកន្លែងស្តុកទុក និងការចែករំលែកព័ត៌មានក្នុងចំណោមប្រទេសអាស៊ី។

លោកស្រី តាកៃឈិ បានស្នើបង្កើត «ក្រុមការងារសន្តិសុខប្រេងអាស៊ី» ដែលមានមជ្ឈមណ្ឌលកណ្តាលនៅប្រទេសជប៉ុន ដើម្បីកំណត់បទប្បញ្ញត្តិសម្រាប់ការបញ្ចេញ និងផ្ទេរប្រេងក្នុងគ្រាអាសន្ន ដោយប្រៀបធៀបយន្តការនេះទៅនឹងទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) សម្រាប់តំបន់អាស៊ី។ លោកស្រីក៏បានស្នើឱ្យប្រើប្រាស់ធុងស្តុកប្រេងដែលនៅទំនេរ ដើម្បីសម្របសម្រួលជាមួយគម្រោងស្តុកប្រេងរួមគ្នាដែលដឹកនាំដោយហ្វីលីពីន ក្នុងគោលដៅប្រែក្លាយ AZEC ទៅជា AZEC 2.0 និងធ្វើឱ្យជប៉ុនក្លាយជាចំណុចតភ្ជាប់រវាងប្រទេសផលិតប្រេងនៅអាស៊ី។

ជាការឆ្លើយតប លោកប្រធានាធិបតី ម៉ាកូស បានកោតសរសើរចំពោះវឌ្ឍនភាពនេះ ដោយសង្កត់ធ្ងន់ថា ការរំខានតាមផ្លូវដឹកជញ្ជូនសំខាន់ៗ ដូចជាច្រកសមុទ្រហ័រមូស (Strait of Hormuz) តែងតែជះឥទ្ធិពលដល់ខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោកទាំងមូល។ លោកបានគូសបញ្ជាក់ថា «ទាំងអ្នកទិញ និងអ្នកលក់ សុទ្ធតែមិនទទួលបានផលប្រយោជន៍ពីភាពប្រែប្រួលខ្លាំងនៃតម្លៃថាមពលនោះទេ ដូច្នេះភាពធន់នឹងថាមពលគឺជាប្រយោជន៍រួមរបស់ពិភពលោក ដែលទាមទារឱ្យមានការប្តេជ្ញាចិត្តរួមគ្នាពីយើងទាំងអស់គ្នា»៕