លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំត្រីភាគីលើកទី៣ នៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ ថា រហូតមកទល់ពេលនេះ ភាគីពាក់ព័ន្ធបានបើកកិច្ចប្រជុំសរុបចំនួន ៨ លើកមកហើយ ក្នុងនោះរួមមាន៖
កិច្ចប្រជុំត្រីភាគី៖ ៣ លើក
កិច្ចប្រជុំទ្វេភាគី (រវាងតំណាងកម្មករ និងនិយោជក)៖ ១ លើក
កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិត៖ ៣ លើក
កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីនិយោជក៖ ១ លើក
ជំហរនៃតួលេខស្នើឡើងរបស់ភាគីនីមួយៗ
- នៅក្នុងកិច្ចពិភាក្សាជុំចុងក្រោយនេះ តំណាងកម្មករនិយោជិត និងនិយោជក បានបន្តការពារទឡ្ហីករណ៍ និងលក្ខណៈវិនិច្ឆ័យរៀងៗខ្លួន ដោយមានការសម្របសម្រួល និងការបកស្រាយបន្ថែមពីតំណាងរាជរដ្ឋាភិបាលផ្អែកលើទិដ្ឋភាពសង្គម និងសេដ្ឋកិច្ច។
- ភាគីកម្មករនិយោជិត៖ សំឡេងភាគច្រើននៅតែបន្តស្នើសុំដំឡើងចំនួន ១៥,៣ ដុល្លារ (ដែលធ្វើឱ្យប្រាក់ឈ្នួលកើនដល់ ២២៥,៣ ដុល្លារ) ខណៈតំណាងមួយចំនួនទៀតនៅតែរក្សាតួលេខស្នើដំឡើង ៤០,៦ ដុល្លារ (ដែលធ្វើឱ្យប្រាក់ឈ្នួលឡើងដល់ ២៥០,៦ ដុល្លារ ក្នុងមួយខែ)។
- ភាគីនិយោជក៖ នៅតែរក្សាជំហរមិនទាន់ដំឡើង ដោយស្នើបន្តរក្សាតួលេខប្រាក់ឈ្នួលចាស់ ២១០ ដុល្លារ ក្នុងមួយខែដដែល។
ភាគីទាំងបីបានឯកភាពគ្នានឹងបន្តកិច្ចចរចាត្រីភាគីសាជាថ្មីនៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ខាងមុខនេះ ស្របតាមកាលវិភាគដែលបានកំណត់កាលពីថ្ងៃទី១ ខែកញ្ញា។
សូមរំលឹកថា សម្រាប់ឆ្នាំ២០២៦ នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ ស្បែកជើង និងកាបូប គឺមានចំនួន ២១០ ដុល្លារ ក្នុងមួយខែ។ ក្រៅពីប្រាក់ឈ្នួលគោល កម្មករនិយោជិតក៏ទទួលបានប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀតផងដែរ ដូចជា ប្រាក់រង្វាន់ធ្វើការទៀងទាត់ ប្រាក់ឧបត្ថម្ភការធ្វើដំណើរនិងស្នាក់នៅ ប្រាក់រង្វាន់អតីតភាពការងារ និងប្រាក់ថ្លៃបាយពេលថែមម៉ោង។ ទន្ទឹមនឹងនេះ កម្មករនិយោជិតដែលជាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ទទួលបានអត្ថប្រយោជន៍គាំពារផ្នែកថែទាំសុខភាព ហានិភ័យការងារ និងរបបសោធននិវត្តន៍ (ប្រាក់ចូលនិវត្តន៍) ផងដែរ៕
