យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៣ ខែកញ្ញា ក្រសួងរៀបចំដែនដីបានបញ្ជាក់ច្បាស់ថា ដីឡូត៍ដែលត្រូវដាក់លក់ឡៃឡុងនេះ ស្ថិតក្នុងគម្រោង ឡេង ណាវ៉ាត្រា ភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ការអនុញ្ញាតនេះ ធ្វើឡើងក្នុងបំណងប្រមូលលំហូរសាច់ប្រាក់យកទៅទ្រទ្រង់ដំណើរការដោះស្រាយផលប៉ះពាល់ជូនអតិថិជន ដែលបានទិញផ្ទះ និងដីឡូត៍ក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦អា និងគម្រោងជ្រែមួយរយ ស្ថិតក្នុងឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។
ដីស្របច្បាប់ មានប្លង់បំបែកក្បាលដី និងមិនជាប់ពាក់ព័ន្ធអ្នកដទៃ
ដើម្បីលុបបំបាត់មន្ទិលសង្ស័យ និងធានាសុវត្ថិភាពផ្លូវច្បាប់ដល់សាធារណជន ក្រសួងបានគូសបញ្ជាក់ថា ដីឡូត៍ទាំង ១ ២៩១ក្បាលដីនៅខេត្តសៀមរាប ជាដីដែលមានទីតាំងជាក់ស្តែងច្បាស់លាស់ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណបំបែកក្បាលដី) រួចរាល់ មិនមានការពាក់ព័ន្ធជាមួយតតិយជន និងមិនប៉ះពាល់លើចំណែកដីដែលអតិថិជនចាស់ធ្លាប់បានទិញ ឬដោះដូររួចហើយនោះឡើយ។
ក្រសួងរៀបចំដែនដីបានដាក់ចេញនូវយន្តការហិរញ្ញវត្ថុតឹងរ៉ឹង ដោយកំណត់ថា រាល់ប្រតិបត្តិការទូទាត់ប្រាក់ទិញ-លក់ដីឡូត៍ទាំងអស់ ត្រូវតែផ្ទេរចូលគណនីធនាគាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយផ្ទាល់នៅធនាគារកាណាឌីយ៉ា ដែលមានលេខគណនី 001-000 856 4111 (ឬស្កេនតាម QR Code ផ្លូវការរបស់ក្រសួង) ដើម្បីធានាថាលុយទាំងនោះត្រូវបានគ្រប់គ្រង និងប្រើប្រាស់ចំគោលដៅក្នុងការដោះស្រាយជូនជនរងគ្រោះ។
ចំណាត់ការរបស់ក្រសួងនៅពេលនេះ បានធ្វើឡើងបន្ទាប់ពីលោក ឡេង ណាវ៉ាត្រា ប្រធានក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានប្រកាសដាក់លក់ឡៃឡុងដីឡូត៍ដំណាក់កាលទី១ ក្នុងតម្លៃបញ្ចុះរហូតដល់ ៧៥% ឬចាប់ពី ៩៥០ ដុល្លារឡើងទៅក្នុងមួយឡូត៍ (ទំហំ ៥x២០ ម៉ែត្រ)។
លោក ឡេង ណាវ៉ាត្រា បានលើកឡើងកន្លងមកថា អតិថិជនចាស់ក្នុងគម្រោងនេះនៅជំពាក់ប្រាក់ក្រុមហ៊ុនប្រមាណ ២១ លានដុល្លារ ហើយការសម្រេចចិត្តលក់ឡៃឡុងបញ្ចុះតម្លៃនេះ អាចបណ្តាលឱ្យក្រុមហ៊ុនរងការខាតបង់ជិត ១៥ លានដុល្លារ។ យ៉ាងណាក្តី លោកបញ្ជាក់ថា ការលក់នេះគឺជាដំណោះស្រាយចាំបាច់ និងបន្ទាន់បំផុត ដើម្បីប្រមូលថវិកាប្រគល់ជូនក្រសួងរៀបចំដែនដី យកទៅបញ្ចប់គម្រោង 6A និងគម្រោងសេសសល់ផ្សេងទៀត។
ការចេញមុខបញ្ជាក់ និងគ្រប់គ្រងប្រតិបត្តិការដោយផ្ទាល់ពីសំណាក់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានមើលឃើញថា ជាការជម្រះមន្ទិល និងផ្តល់ទំនុកចិត្តផ្លូវច្បាប់ដល់សាធារណជន ខណៈដែលក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា កំពុងស្ថិតក្រោមសម្ពាធវិបត្តិហិរញ្ញវត្ថុ និងរងការរិះគន់រឿងមិនអាចបំពេញកាតព្វកិច្ចតាមកិច្ចសន្យាជាមួយអតិថិជនកន្លងមក៕
.jpg)