ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះមិនគ្រាន់តែជាការជួបជុំអន្តរជាតិធម្មតានោះទេ ប៉ុន្តែជាសារអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យមានសកម្មភាពរួមគ្នា។ ឯកឧត្ដមបានគូសបញ្ជាក់ថា បញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គឺជាវិបត្តិរួមទាំងក្នុងតំបន់ និងពិភពលោក ដែលកម្ពុជាក៏ជាប្រទេសរងគ្រោះពីបទល្មើសឆ្លងដែននេះផងដែរ។
ឯកឧត្ដមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កម្ពុជាកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងបានបើកទូលាយនូវកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិធំៗ រួមមាន ប្រទេសចិន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន អូស្រ្តាលី ព្រមទាំងបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងពិភពលោក ដើម្បីរួមគ្នាបង្ក្រាបបទល្មើសនេះឱ្យមានប្រសិទ្ធភាព។
ជាមួយគ្នានេះ ឯកឧត្តម ម៉ុក ច័ន្ធសុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធានអនុគណៈកម្មាធិការខ្លឹមសារ បានលើកឡើងថា ដោយសារបណ្តាញស្គេមអនឡាញមានលក្ខណៈស្មុគស្មាញ ប្រទាក់ក្រឡា និងមានការចាត់តាំងឆ្លងដែន ទើបរាជរដ្ឋាភិបាលកម្ពុជាសម្រេចកៀរគរមន្ត្រីជាន់ខ្ពស់ អ្នករៀបចំគោលនយោបាយ និងមន្ត្រីអនុវត្តច្បាប់ពីបណ្តាប្រទេសនានា រួមទាំងការគាំទ្រពីអង្គការអន្តរជាតិចំនួន ៣ មកពិភាក្សា និងដាក់ចេញនូវទស្សនៈទានរួមគ្នា។
គោលបំណងយុទ្ធសាស្ត្រទាំង ៣ នៃសន្និសីទអន្តរជាតិនេះ រួមមាន៖ ទី១. ស្វែងយល់អំពីការវិវត្តដ៏ស្មុគស្មាញដ៏ឆាប់រហ័ស នៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ទី២.បង្កើនកិច្ចសហប្រតិបត្តិការពីព្រោះជាបទល្មើសឆ្លងដែនមិនអាចប្រទេសណាមួយធ្វើតែឯងបានទេ។ចំណែក ទី៣. គឺការចូលរួមផ្លាស់ប្តូរបទពិសោធន៍ពីចំណុចខ្លាំង និងចំណុចខ្សោយនៃប្រតិបត្តិការ នីមួយៗ៕
