(ក្រចេះ) ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលមិនមានគោលការណ៍កាត់បន្ថយ ឬច្របាច់បញ្ចូលគ្នានូវបណ្តាក្រសួង-ស្ថាប័ននោះឡើយ ដោយការធ្វើកំណែទម្រង់ក្នុងអាណត្តិនេះ គឺឈរលើអភិក្រម «ពង្រឹងប្រសិទ្ធភាពផ្ទៃក្នុង ជាជាងការពង្រីក»។

ការថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវខ្សែផ្លូវចំនួន ៣ខ្សែ ប្រវែងសរុបជិត ១០០គីឡូម៉ែត្រ (តម្លៃជិត ៤៤លានដុល្លារ) ស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលការណ៍កំណែទម្រង់របស់កម្ពុជាបច្ចុប្បន្ន ផ្តោតសំខាន់លើសសរស្តម្ភចំនួន ៣ រួមមាន៖

- ពង្រឹងរចនាសម្ព័ន្ធ៖ រៀបចំយន្តការគ្រប់គ្រងផ្ទៃក្នុងឱ្យកាន់តែរលូន និងច្បាស់លាស់។

- ពង្រឹងការងារ៖ បង្កើនល្បឿន និងគុណភាពនៃការផ្តល់សេវាសាធារណៈ។

- ពង្រឹងធនធានមនុស្ស៖ លើកកម្ពស់សមត្ថភាពមន្ត្រីរាជការ និងលើកទឹកចិត្តតាមរយៈប្រព័ន្ធសមិទ្ធកម្មការងារ។

ឆ្លើយតបទៅនឹងការលើកឡើងពីគំរូកំណែទម្រង់របស់ប្រទេសវៀតណាម ដែលបានកាត់បន្ថយចំនួនក្រសួង និងខេត្ត-ក្រុង សម្តេចនាយករដ្ឋមន្ត្រីបានពន្យល់ថា ប្រទេសទាំងពីរមានទិសដៅនយោបាយ និងរចនាសម្ព័ន្ធរដ្ឋបាលខុសគ្នា ដោយកម្ពុជាអនុវត្តតាមគោលការណ៍ «វិមជ្ឈការ» ដោយរុញសេវាសាធារណៈ សិទ្ធិអំណាច និងការសម្រេចចិត្តឱ្យទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន។ ខណៈប្រទេសវៀតណាម ប្រកាន់យកគោលនយោបាយ «មជ្ឈការ» ក្នុងការបង្រួមស្ថាប័ន និងរដ្ឋបាលខេត្តមួយចំនួនបញ្ចូលគ្នា។

«ការពង្រីក ឬការបង្រួមក្រសួង គឺអាស្រ័យលើកត្តានយោបាយនៃប្រទេសនីមួយៗ។ ប្រទេសខ្លះបង្រួមដើម្បីបង្ហាញឆន្ទៈនយោបាយ ចំណែកប្រទេសខ្លះទៀតពង្រីកដោយសារកត្តាចម្រុះបក្ស។ ដោយឡែកសម្រាប់កម្ពុជា តាំងពីដើមអាណត្តិមក រដ្ឋាភិបាលមិនមានគម្រោងកាត់បន្ថយ ឬបង្កើនក្រសួងនោះទេ» — សម្ដេចធិបតី ហ៊ុន ម៉ាណែត។

សម្តេចធិបតីបានបន្ថែមថា ការបញ្ចេញមតិយោបល់ជុំវិញការកែទម្រង់រដ្ឋបាលសាធារណៈ គឺជារឿងល្អ និងមានមូលដ្ឋានច្បាស់លាស់។ យ៉ាងណាក៏ដោយ កម្ពុជាត្រូវជ្រើសរើសជម្រើសណាដែលសមស្របបំផុតសម្រាប់ស្ថានភាពជាក់ស្តែង ដោយរក្សាចំនួនក្រសួងឱ្យនៅដដែល ប៉ុន្តែជំរុញការអភិវឌ្ឍគុណភាពការងារក្រោមទស្សនវិស័យ «យើងដើរសន្សឹមៗ តែទិសដៅរបស់យើង គឺនឹងនរ»៕