​រដ្ឋាភិបាល​ម៉ាឡេស៊ី​កំពុង​ពិចារណា​ដាក់​ពន្ធ​លើ​យានយន្ត​អគ្គិសនី ​(​EV​) ​ទាំងអស់​ដែល​បាន​លក់​ ​ដើម្បី​បង្កើត​មូលនិធិ​សម្រាប់​ពង្រីក​បណ្តាញ​សាក​ថ្ម​សាធារណៈ​សម្រាប់​យានយន្ត​ ​EV​ ​របស់​ប្រទេស​ ​ដើម្បី​គាំទ្រ​ដល់​ការ​ទទួលយក​យានយន្ត​ ​EV​ ​ដែល​កំពុង​កើនឡើង​ និង​ដោះស្រាយ​គម្លាត​នៅក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថ្ម​។​

​ថ្លែង​ក្នុង​អំឡុង​វគ្គ​សំណួរ​ និង​ចម្លើយ​នៅក្នុង​ព្រឹទ្ធសភា​កាលពី​ពេល​ថ្មី​ៗ​នេះ​ រដ្ឋមន្ត្រី​ក្រសួង​វិនិយោគ ​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​ម៉ាឡេស៊ី ​លោក​ ​ចូហារី ​អាប់ឌុល​ ហ្កានី ​បាន​និយាយ​ថា​ ​សំណើ​នេះ​បាន​កើតឡើង​បន្ទាប់ពី​ការ​ខាតបង់​ចំណូល​ពន្ធ​ចំនួន​ ​៣,៣​ពាន់​លាន​រីងហ្គីត ​(​៨២៥​លាន​ដុល្លារ​អាម៉េរិក​) ​របស់​រដ្ឋាភិបាល​តាមរយៈ​ការ​លើកទឹកចិត្ត​សម្រាប់​យានយន្ត​ ​EV​ ​ដែល​នាំចូល​ ​ខណៈ​ដែល​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថ្ម​សាធារណៈ​បាន​ធ្លាក់ចុះ​ទាប​ជាង​ការ​រំពឹងទុក​។​

​លោក​ ​ចូហារី ​បាន​និយាយ​ថា​ ​ប្រទេស​ម៉ាឡេស៊ី​ត្រូវការ​យន្ត​ការ​ប្រកបដោយ​ចីរភាព​មួយ​ ​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការ​ដាក់​ឱ្យ​ដំណើរការ​ស្ថានីយ៍​សាក​ថ្ម​សាធារណៈ​។​ ក្រោម​សំណើ​នេះ​ ការ​យក​ពន្ធ​នឹង​ត្រូវបាន​ដាក់​លើ​យានយន្ត​ ​EV​ ​នីមួយ​ៗ​ដែល​បាន​លក់​ ​ដោយ​ប្រាក់​ចំណូល​នឹង​ត្រូវបាន​បញ្ជូន​ចូល​ទៅក្នុង​មូលនិធិ​ដែល​សម្រាប់​ប្រើប្រាស់​ដល់​ការ​បង្កើត​ស្ថានីយ៍​សាក​ថ្ម​។​

​លោក​បាន​កត់សម្គាល់​ថា​ ​រដ្ឋាភិបាល​មិន​អាច​ពឹងផ្អែក​តែ​ទៅ​លើ​ក្រុមហ៊ុន​ផលិត​ ​ឬ​អ្នកចែកចាយ​យានយន្ត ​ដើម្បី​អនុវត្ត​ការ​វិនិយោគ​បែប​នេះ​បាន​ទេ​។​

​ទាក់ទង​នឹង​ការ​ទទួលយក​យានយន្ត​ ​EV​ ​លោក​ ​ចូហារី ​បាន​និយាយ​ថា​ ​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថ្ម​សាធារណៈ​នៅតែ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​ ​ជាពិសេស​សម្រាប់​អ្នក​រស់​នៅក្នុង​អាផាតមិន​ ​និង​គម្រោង​កម្មវិធី​លំនៅដ្ឋាន​ប្រជាជន​ ​(​PPR​) ​ដែល​មិន​អាច​ដំឡើង​ឆ្នាំងសាក​នៅ​តាម​ផ្ទះ​របស់​ពួកគេ​បាន​។​

​ប្រទេស​ម៉ាឡេស៊ី​ពីមុន​ ​បាន​ផ្តល់​ការ​លើកលែង​ពន្ធ​នាំចូល​ ​ពន្ធ​អាករ​លើ​ទំនិញ​ ​និង​ពន្ធ​លើ​ការ​លក់​សម្រាប់​រថយន្ត​អគ្គិសនី​ដែល​សាងសង់​រួច​ជាស្រេច​ ​(​CBU​) ​រយៈពេល​បួន​ឆ្នាំ​ ​ចាប់តាំងពី​ឆ្នាំ​២០២២​ ​ដល់​ឆ្នាំ​២០២៥​ ​ដើម្បី​ជំរុញ​កំណើន​ទីផ្សារ​ និង​ទាក់ទាញ​ការ​វិនិយោគ​។ ​ការ​លើកទឹកចិត្ត​ទាំងនេះ​ ​បាន​នាំឱ្យ​មាន​ប្រាក់​ចំណូល​ពន្ធ​ដែល​បាត់បង់​ចំនួន​ ​៣,៣​ពាន់​លាន​រីងហ្គីត​ក្នុង​រយៈពេល​នោះ​៕