បើទោះបីជាត្រសក់មិនមែនជាបន្លែដែលមានសារធាតុចិញ្ចឹមរ៉ែខ្ពស់បំផុតក៏ដោយ ប៉ុន្តែអ្នកជំនាញផ្នែកអាហាររូបត្ថម្ភនៅតែណែនាំឱ្យទទួលទានជាប្រចាំ ដោយសារអត្ថប្រយោជន៍សំខាន់ៗចំពោះសុខភាពដូចខាងក្រោម៖

១. បំពេញជាតិទឹកបានយ៉ាងល្អក្នុងរាងកាយ

ត្រសក់មានផ្ទុកជាតិទឹករហូតដល់ ៩៦% និងមានកាឡូរីទាបបំផុត។ ត្រសក់ទម្ងន់ ២៩៧ ក្រាម មានជាតិទឹកស្ទើរតែស្មើ ១ ពែង និងផ្តល់ថាមពលត្រឹមតែ ៤៥ កាឡូរីប៉ុណ្ណោះ ដែលស័ក្តិសមបំផុតសម្រាប់ទទួលទានដើម្បីបំពេញជាតិទឹកក្នុងរាងកាយ ជាពិសេសនៅពេលអាកាសធាតុក្តៅ។

២. ជំនួយដល់សុខភាពមេតាបូលីស និងការប្រែប្រួលជាតិស្ករ

ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម៖ ត្រសក់មានជាតិកាបូអ៊ីដ្រាតទាប (ប្រមាណ ១១ ក្រាម) និងជាតិសរសៃ (១,៥ ក្រាម) ដែលធ្វើឱ្យវាមិនប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាមនោះទេ។

កាត់បន្ថយកូលេស្តេរ៉ូល៖ ការសិក្សាស្រាវជ្រាវបានបង្ហាញថា សារធាតុនៅក្នុងត្រសក់ ឬគ្រាប់ត្រសក់ អាចជួយសម្រួលកម្រិតអាំងស៊ុយលីន ជាតិខ្លាញ់ក្នុងឈាម (Cholesterol & Triglycerides) និងសម្ពាធឈាម។

៣. ជម្រើសអាហារសម្រន់សុខភាព និងជំនួយពោះវៀន

ជំនួសអាហារកែច្នៃ៖ ការញ៉ាំត្រសក់ស្រស់ជាអាហារសម្រន់ អាចជំនួសនំស្រួយ ឬដំឡូងបារាំងបំពងបានយ៉ាងល្អ។

ជ្រក់ត្រសក់ផ្អាប់ (Fermented Pickles)៖ ជ្រក់ត្រសក់ដែលធ្វើឡើងតាមបែបបាក់តេរីល្អ (Probiotics) ជួយកាត់បន្ថយការរលាក និងទ្រទ្រង់សុខភាពពោះវៀន។ យ៉ាងណាមិញ អ្នកជំនាញណែនាំឱ្យប្រយ័ត្នចំពោះកម្រិតជាតិប្រៃ (អំបិល) នៅក្នុងជ្រក់ផងដែរ។

សេចក្តីសន្និដ្ឋាន៖ ត្រសក់គឺជាបន្លែដែលងាយស្រួលស្វែងរក មានរសជាតិស្រស់ស្រាយ កាឡូរីទាប និងផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពទូទៅ ដែលអ្នកអាចបន្ថែមទៅក្នុងរបបអាហារប្រចាំថ្ងៃបានយ៉ាងងាយស្រួល៕