ភ្នំពេញ – តាមរបាយការណ៍បូកសរុបស្ថានការណ៍ ចាប់តាំងពីថ្ងៃទី០៧ រហូតដល់ម៉ោង ៦:០០ ល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ការវាយប្រហារមិនរើសមុខពីសំណាក់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជាបានបណ្តាលឱ្យពលរដ្ឋកម្ពុជាស្លាប់ចំនួន ១៨ នាក់ និងរបួស ៧៩ នាក់ ខណៈជនភៀសសឹកបានកើនឡើងដល់ ៥១០,៩០១ នាក់ ក្នុងនោះមានស្ត្រី ២៦៦,៤៧២ នាក់ និងកុមារ ១៦២,២៥៦ នាក់។
ដោយឡែកហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលរងការខូចខាត រួមមាន៖
– លំនៅដ្ឋាន៖ ខូចខាតសរុប ៧៦ ខ្នង (ក្នុងនោះ ៣ ខ្នងបន្ថែមនៅខេត្តព្រះវិហារ)។
– សំណង់សាធារណៈ៖ សាលារៀន ១, មណ្ឌលសុខភាព ១, អគារគយ ១, និងមណ្ឌលកសិកម្ម ១។
– វិស័យសាសនា និងបេតិកភណ្ឌ៖ ប្រាសាទបុរាណ ១, វត្តអារាម ៤, សាលាឆទាន ១ និងកុដិព្រះសង្ឃ ១។
– សេវាកម្ម និងឯកជន៖ សណ្ឋាគារ ៣, អគារឯកជន ៨, ស្ថានីយប្រេង ១, ឃ្លាំងរថយន្ត និងឃ្លាំងកសិផល។
– មធ្យោបាយធ្វើដំណើរ៖ ស្ពាន ៤ កន្លែង (រួមទាំងស្ពានបុរាណ) និងយានយន្ត ២៥ គ្រឿង។

–
រាជរដ្ឋាភិបាលកម្ពុជា បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ “អំពើឈ្លានពានដ៏ឆ្កួតលីលា និងស្មោកគ្រោក” នេះ ដែលជាឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងជនស៊ីវិលស្លូតត្រង់។ កម្ពុជាដែលធ្លាប់ឆ្លងកាត់សង្គ្រាមដ៏ជូរចត់ មិនអាចទទួលយកបានឡើយនូវការរំលោភបំពាននេះ។
ទន្ទឹមនឹងការប្តេជ្ញាការពារបូរណភាពទឹកដី កម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិ និងមជ្ឈដ្ឋានថៃដែលមានមនសិការស៊ីវិល័យ មេត្តារួមគ្នាទប់ស្កាត់អំពើយង់ឃ្នងនេះ ដើម្បីសន្តិភាព និងយុត្តិធម៌ក្នុងតំបន់៕
