ក្នុងពិធីផ្សព្វផ្សាយពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ ដែលធ្វើឡើងនៅក្រុងបានលុង ខេត្តរតនគិរី នៅថ្ងៃពុធ (៤ មីនា) លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ភាគល្អិតនិចល (PM2.5) ដែលជាសារធាតុបំពុលក្នុងខ្យល់ អាចបង្កឱ្យកើតជំងឺផ្លូវដង្ហើម រលាកស្បែក ដាច់សរសៃឈាម និងជំងឺមហារីក ដែលពិភពលោកកំពុងព្រួយបារម្ភ ពីការស្លាប់របស់មនុស្សជាច្រើន ដោយសារការបំពុលខ្យល់។
នៅចំពោះមុខសិស្សានុសិស្ស នៃវិទ្យាល័យសម្តេចឪសម្តេចម៉ែ ខេត្តរតនគិរី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានពន្យល់ថា ការបញ្ចេញនូវសារធាតុពុលផ្សេងៗពី ការធ្វើអាជីវកម្ម ការធ្វើកសិកម្ម ការបង្កើតរោងចក្រ ឧស្សាហកម្ម ការប្រើប្រាស់យានយន្តគ្រប់ប្រភេទ។ល។ និងជាពិសេសការឆេះ និងការដុតព្រៃ ដុតសំរាម និងសំណល់ប្លាស្ទិក បានបង្កឱ្យមានការបំពុលបរិយាកាស និងបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស។
ហេតុដូចនេះហើយការត្រួតពិនិត្យគុណភាពខ្យល់នៅកម្ពុជា ត្រូវបានអនុវត្ត និងពង្រឹងស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ជាពិសេសការដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះក្រសួងបរិស្ថានបានដំឡើង ឧបករណ៍សម្រាប់តាមដានគុណភាពខ្យល់ចំនួន ៥៩ទីតាំង (រាជធានីភ្នំពេញ ១៣ទីតាំង និងនៅ តាមបណ្តាខេត្ត ៤៦ទីតាំង) និងមានរថយន្តត្រួតពិនិត្យគុណភាពខ្យល់ចល័ត ចំនួន ៣គ្រឿង ព្រមទាំងឧបករណ៍តាមដានគុណភាពខ្យល់ពីផ្កាយរណបចំនួន ១គ្រឿង។
លោក សាបូ អូហ្សាណូ បានគូសបញ្ជាក់ដែរថា សម្រាប់ពិធីផ្សព្វផ្សាយនេះគឺរៀបចំឡើងមានគោលបំណង ដើម្បីជំរុញការ អនុវត្តវិធានការនានា ពីវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ជាពិសេសការអនុវត្តរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការទប់ស្កាត់ការហុយធូលីចេញការដ្ឋាន ការបញ្ចេញផ្សែងពុលពីឧស្សាហកម្ម ភ្លើងឆេះព្រៃ សកម្មភាពដុតព្រៃដើម្បីរកសត្វ ការដុតសំណល់ គល់ជញ្ជាំង ដុតសំរាម និងសំណល់ប្លាស្ទិកនៅទីចំហ នៅក្នុងមូលដ្ឋានដែលរួមចំណែកបង្កឱ្យមានការបំពុលខ្យល់៕
