កាលពីវេលាម៉ោង ៦:២០នាទីព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងយោធាថៃបានធ្វើសកម្មភាពចល័តរថពាសដែកចំនួន ២គ្រឿង និងកម្លាំងប្រមាណ៧០នាក់ ចូលមកទីតាំងក្នុងភូមិសាស្រ្តច្រកព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងបានរាយលួសបន្លាបន្ថែមលើលួសបន្លាចាស់ដែលភាគីថៃបានហ៊ុមព័ទ្ធកាន់កាប់យកដោយខុសច្បាប់ ហើយបានអះអាងថា មានសកម្មភាពញុះញង់ពីភាគីកម្ពុជា។
ចំពោះការលើកឡើងនេះ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា «មិនមែនជាការពិត និងគ្មានមូលដ្ឋាន»។ លោកជំនាញនិយាយថា កងកម្លាំងកម្ពុជាតែងអនុវត្តភារកិច្ចដោយគោរពវិន័យយោធា បទបញ្ជារបស់ថ្នាក់ដឹកនាំ និងគោលការណ៍វិជ្ជាជីវៈយ៉ាងតឹងរឹង។ កងកម្លាំងកម្ពុជាបន្តប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ ការទទួលខុសត្រូវ និងការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីជាតិ ខណៈពេលជាមួយគ្នានេះ ក៏បានខិតខំរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងការជៀសវាងភាពតានតឹងនៅតាមតំបន់ព្រំដែនផងដែរ។

–
គួរឱ្យកត់សម្គាល់ផងដែរថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទើបចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះប៉ុណ្ណោះ៕
