Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រុស្ស៊ី នាំនាវាចម្បាំង ២គ្រឿង ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ នាវាចម្បាំងរបស់រុស្ស៊ីចំនួន​២​គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចរយៈ​ពេល​៣ថ្ងៃ​នៅ​កម្ពុជា។ នាវាចម្បាំងទាំងពីរគ្រឿងនេះ មកពីកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិក​នៃកងទ័ព​ជើង​ទឹកសហព័ន្ធរុស្ស៊ី។

នាវាចម្បាំងរបស់រុស្ស៊ីដែលចតនៅកម្ពុជាពីថ្ងៃទី៦ ដល់ទី៨ ខែមេសា ឆ្នាំ២០២៦នេះ រួមមាននាវា Sovershenny លេខ៣៣៣ និងនាវា Rezky លេខ៣៤៣។ នាវា​ចម្បាំង​​ទាំងពីរគ្រឿងនេះ ដឹកនាំដោយមេបញ្ជាការ លោកវរនាវីឯក SHMAGIN Artem និងមេបញ្ជាការ លោកវរនាវីឯក KOVALEV Evgenii ហើយមាន​នាវិកសរុប​ ២៦២នាក់។

នៅវេលាម៉ោងជិត៩ព្រឹក នាវាចម្បាំងដ៏មានអនុភាពលើលំហ​សមុទ្រ​​របស់រុស្ស៊ី បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ការមកដល់​របស់​នាវាចម្បាំងទាំងពីរគ្រឿង ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឧត្តម​នាវីត្រី​ អ៊ិន​ សុខេមរា​ មេបញ្ជាការ​រង​មូលដ្ឋាន​សមុទ្រ​រាម​ ជាមួយកងទ័ពជើងទឹករបស់កម្ពុជាចំនួន​៦០​នាក់ ដោយមានការចូលរួមពីលោក Anatoly Borovik ឯកអគ្គរដ្ឋ​ទូតរុស្ស៊ី​ប្រចាំ​នៅកម្ពុជាផងដែរ។

ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹករុស្ស៊ី និងនាវាចម្បាំងទាំងពីរគ្រឿងនេះ គឺជាកម្ម​វិធីមួយ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារ​ជាតិ​រវាងកម្ពុជា និងរុស្ស៊ី ដែលប្រទេសទាំងពីរតែងប្រកាន់យកក្នុងប្រវត្តិនៃទំនាក់ទំនង។ ក្រោយពេលចូលចតនៅកម្ពុជាហើយនោះ តាមកម្មវិធីដែលបានគ្រោងទុក៕

អត្ថបទចាប់អារម្មណ៍ច្រើន