តាមរយៈសេចក្តីប្រកាសព័ត៌មាន កម្ពុជាបានគូសបញ្ជាក់នូវចំណុចសំខាន់ៗដូចខាងក្រោម៖
- កម្ពុជាចាត់ទុកដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតនេះ ជាការប៉ុនប៉ងបង្កើតភាពស្របច្បាប់លើដែនដីអធិបតេយ្យកម្ពុជា ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់កន្លងមក។ កម្ពុជាបញ្ជាក់យ៉ាងច្បាស់ថា គ្មានសិទ្ធិស្របច្បាប់ណាមួយអាចកើតចេញពីទង្វើខុសច្បាប់បានឡើយ។
- សកម្មភាពនេះជាការរំលោភបំពានធ្ងន់ធ្ងរលើដែនដីអធិបតេយ្យកម្ពុជា ស្របតាមផែនទីខ្នាត ១:២០០,០០០ និងផ្ទុយពីចំណុចទី១ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានហាមឃាត់រាល់សកម្មភាពបង្កហេតុតាមព្រំដែន។
- ទាំងផែនទីគូសដោយឯកតោភាគី និងដំណើរទស្សនកិច្ចផ្អែកលើផែនទីបែបនោះ មិនអាចកែប្រែខ្សែព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិបានឡើយ។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីឯកតោភាគីរបស់ថៃ ហើយដំណើរទស្សនកិច្ចនេះ មិនប៉ះពាល់ដល់មូលដ្ឋានច្បាប់ ឬជំហររបស់កម្ពុជាឡើយ។
- កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបែបនេះនៅក្នុងតំបន់អានសេះ ក៏ដូចជាតំបន់ផ្សេងទៀត ដើម្បីបន្ថយភាពតានតឹង បង្កើតទំនុកចិត្ត និងស្តារស្ថិរភាពតាមបណ្តោយព្រំដែន។
ជាមួយគ្នានេះ កម្ពុជាបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ព្រមទាំងប្រកាន់ខ្ជាប់នូវគោលការណ៍ «ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ»៕
