រាជធានីភ្នំពេញ — ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន បានព្រមានថា ជម្លោះដែលកំពុងកើនឡើងនៅទូទាំងពិភពលោក រួមទាំងក្នុងតំបន់ផងដែរនោះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីភាពផុយស្រួយនៃសន្តិភាព ខណៈសមិទ្ធផលនៃការអភិវឌ្ឍដែលបានកសាងឡើងរាប់ទសវត្សរ៍ អាចនឹងត្រូវបំផ្លិចបំផ្លាញក្នុងរយៈពេលដ៏ខ្លី។

ថ្លែងនៅក្នុងកិច្ចពិភាក្សាទូទៅនៃសន្និសីទប្រធានសភាអន្តរជាតិលើកទី២ (ISC-2) កាលពីថ្ងៃសុក្រ (២៨ សីហា) លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា ជម្លោះនានាអាចរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល ជំរុញឱ្យតម្លៃថាមពល និងស្បៀងអាហារហក់ឡើងខ្ពស់ ប៉ះពាល់ដល់ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងបង្កឱ្យមានការភៀសខ្លួន និងធ្វើឱ្យអសន្តិសុខកាន់តែរីករាលដាលខ្លាំងហួសពីតំបន់កើតហេតុផ្ទាល់។

ប្រមុខការទូតកម្ពុជាបានសង្កត់ធ្ងន់ថា «គ្មានប្រទេសណាមួយ មិនថាមានទំហំធំ កម្រិតនៃទ្រព្យសម្បត្តិ ឬអំណាចខ្លាំងកម្រិតណានោះទេ ដែលអាចដោះស្រាយបញ្ហាប្រឈមទាំងនេះតែម្នាក់ឯងបានឡើយ»។ លោកបានបន្ថែមថា សាមគ្គីភាពគឺជាភាពចាំបាច់ជាក់ស្តែង ដែលទាមទារឱ្យបណ្តាប្រទេសទាំងអស់ត្រូវគោរពច្បាប់ និងវិធានដែលបានព្រមព្រៀងគ្នា ពង្រឹងស្ថាប័នពហុភាគី និងរួមគ្នារក្សាសន្តិភាព។

ដោយលើកយកបទពិសោធន៍ផ្ទាល់របស់កម្ពុជា ដែលបានឆ្លងកាត់ភ្លើងសង្គ្រាម និងជម្លោះអស់រយៈពេលជិតបីទសវត្សរ៍ រួមទាំងរបបខ្មែរក្រហមផងនោះ លោក ប្រាក់ សុខុន បានគូសបញ្ជាក់ពីតម្លៃដ៏ជ្រាលជ្រៅដែលកម្ពុជាផ្តល់ជូនចំពោះសន្តិភាព។

លោកបានសង្កត់ធ្ងន់បន្ថែមទៀតថា សន្តិភាព និងវិបុលភាព គឺជាកត្តាទ្រទ្រង់គ្នាទៅវិញទៅមកមិនអាចខ្វះបាន ដោយសន្តិភាពផ្តល់នូវស្ថិរភាពចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព រីឯវិបុលភាពប្រកបដោយបរិយាបន្ន និងការចែករំលែកផលប្រយោជន៍រួម នឹងជួយពង្រឹងមូលដ្ឋានគ្រឹះសម្រាប់សន្តិភាពយូរអង្វែង៕