តាមរយៈការបញ្ជាក់នៅលើបណ្ដាញសង្គមផ្លូវការ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា សកម្មភាពជនស៊ីវិលបន្លំខ្លួន ក្លែងឯកសារសាធារណៈ បណ្ណសម្គាល់ខ្លួន ឬគ្រងឯកសណ្ឋានសមត្ថកិច្ចខុសច្បាប់ រួមទាំងការធ្វើសកម្មភាពឃាត់សាកសួរ ឆែកឆេរ សំឡុតគំរាម ឬចាប់នាំខ្លួនពលរដ្ឋដោយខុសច្បាប់ដើម្បីទាញយកផលប្រយោជន៍ សុទ្ធសឹងជាបទល្មើសព្រហ្មទណ្ឌ។ ឯកឧត្តមបានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេត កំណត់មុខសញ្ញា និងចាប់ខ្លួនជនល្មើសទាំងនោះបញ្ជូនទៅតុលាការជាដាច់ខាត។
ដោយឡែក ចំពោះមន្ត្រីចំណុះក្រសួងមហាផ្ទៃវិញ ប្រមុខក្រសួងមហាផ្ទៃបានសង្កត់ធ្ងន់ថា ប្រសិនបើគ្មានភារកិច្ច ហើយឆ្លៀតទៅឃាត់ពលរដ្ឋស្លូតត្រង់ សាកសួរ ឆែកឆេរ សំឡុត បំភិតបំភ័យ ទាមទារផលប្រយោជន៍ ឬក្នុងទម្រង់ «ធ្វើស៊ី» ពលរដ្ឋ គឺជាទង្វើល្មើសវិន័យកងកម្លាំង និងជាបទល្មើសព្រហ្មទណ្ឌ។ ជនទាំងនោះនឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌរដ្ឋ និងត្រូវបញ្ជូនសំណុំរឿងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីចាត់ការបន្ត ដោយគ្មានការយោគយល់ឡើយ។
ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវដល់សាធារណជន ប្រសិនបើជួបប្រទះករណីជនស៊ីវិលបន្លំជាសមត្ថកិច្ច ឬករណីកម្លាំងនគរបាលចុះបង្ក្រាបដោយបន្លំភស្តុតាង និងបង្កើតរឿងដាក់បន្ទុកលើពលរដ្ឋស្លូតត្រង់ សូមប្រញាប់រាយការណ៍ ឬដាក់ពាក្យបណ្ដឹងជាបន្ទាន់ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋាន ឬស្នងការដ្ឋាននគរបាលដែលនៅជិតបំផុត។ លើសពីនេះ ប្រជាពលរដ្ឋក៏អាចដាក់ពាក្យបណ្ដឹងតាមប្រព័ន្ធអនឡាញរបស់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ តាមរយៈគេហទំព័រ https://css-gdin.interior.gov.kh/home ដោយផ្ទាល់ផងដែរ៕
