Connect with us

Hi, what are you looking for?

ពិភពលោក

ក្រុមហ៊ុន​Apple ប្រឈមនឹងការផាកពិន័យពីអឺរ៉ុប ជាលើកដំបូង

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ត្រូវបានរាយការណ៍មកថា នឹងត្រូវពិន័យដោយនិយតករប្រឆាំងសេចក្តីទុកចិត្តរបស់សហភាពអឺរ៉ុប ក្រោមច្បាប់ឌីជីថលរបស់ប្លុកនេះដែលត្រូវបានចែងឡើង ដើម្បីទប់ទល់អំណាចរបស់ក្រុមហ៊ុន Big Tech។ ការផាកពិន័យនេះ ត្រូវបានគេមើលឃើញថាធ្វើឱ្យ Apple ក្លាយជាក្រុមហ៊ុនដំបូងគេហើយ ដែលត្រូវបានដាក់ទណ្ឌកម្មដោយសហភាពអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

និយតករបានចោទប្រកាន់កាលពីខែមិថុនាថា ក្រុមហ៊ុនផលិត iPhone មួយនេះបានបំពានច្បាប់បច្ចេកវិទ្យារបស់ EU។ ការចោទប្រកាន់លើ Apple ក្រោមច្បាប់ទីផ្សារឌីជីថល (DMA) នេះ គឺជាលើកដំបូងហើយ។ ប្រភពបាននិយាយថា ការផាកពិន័យទំនងជានឹងមកដល់ក្នុងខែនេះ ទោះបីជាពេលវេលាអាចនៅតែផ្លាស់ប្តូរ ក៏ដោយ។ ការផាកពិន័យនេះទៀតសោត នឹងបន្ថែមបញ្ហាថ្មីមួយទៀតដល់ក្រុមហ៊ុន Apple ប្រឆាំងនឹងសេចក្តីទុកចិត្ត ខណៈនិយតករសហភាពអឺរ៉ុប កំពុងព្យាយាមដាក់កម្រិតទីផ្សារលើក្រុមហ៊ុនបច្ចេកវិទ្យា។ ការពិន័យនេះ គឺបានកើតឡើងតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីទីក្រុងប្រ៊ុចសែលបានពិន័យ Apple នូវទឹកប្រាក់ចំនួន ១.៨៤ពាន់លានអឺរ៉ូ (២.០១ពាន់លានដុល្លារ) នៅក្នុងខែមីនា ដោយសារការរារាំងគូប្រជែងលើទីផ្សារតន្ត្រី តាមរយៈការរឹតបន្តឹងលើ App Store របស់ខ្លួន។

យ៉ាងណាមិញ ជុំវិញរបាយការណ៍ខាងលើនេះ Apple បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ខណៈគណៈកម្មការ​អឺរ៉ុប​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​របស់​រ៉យទ័រ​សម្រាប់​ការ​អត្ថាធិប្បាយ​ទេ៕

អត្ថបទចាប់អារម្មណ៍ច្រើន