ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ មានបងប្អូនប្រជាពលរដ្ឋជាភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណជាង៦លាននាក់ បានមកទស្សនាការប្រណាំងទូកនៅតាមមាត់ទន្លេផង ការដើរទិញទំនិញតាមស្តង់តាំងពិព័រណ៍តាមទីតាំងនីមួយៗ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យ នៅតាមសួនសាធារណៈ ក្នុងរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញ។
លោកស្រី ដោ សម្ផស្ស បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក ចំពោះការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយវិញ គឹមានការការពាររក្សាសន្តិសុខ សុវត្ថិភាព ដោយយកចិត្តទុកដាក់ពីបងប្អូនមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច គ្រប់ផ្នែកដែលពាក់ព័ន្ធធានាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ល្អ ពោលគឺពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

–
លោកស្រីអ្នកនាំពាក្យបានបន្ថែមថា បច្ចុប្បន្ននេះ ដោយសារតែកម្ពុជាមានសុខសន្តិភាពពេញលេញនេះហើយ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន ហើយបើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដូចថ្ងៃនេះដែរ៕
