Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជាសម្តែងការសោកស្តាយ ប្រសិនបើថៃដកខ្លួនជាឯកតោភាគីពី MOU-2001 ស្តីពីតំបន់ត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ

ភ្នំពេញ — អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅល្ងាចថ្ងៃទី៨ មេសា នេះ បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងលំហូរនៃព័ត៌មានជុំវិញការពិចារណារបស់ភាគីថៃ ក្នុងការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU-2001) ដែលជាកិច្ចព្រមព្រៀងដ៏សំខាន់សម្រាប់ដោះស្រាយបញ្ហាតំបន់សមុទ្រត្រួតគ្នា (OCA)។

យោងតាមសេចក្តីថ្លែងការណ៍ កម្ពុជាបានរំលឹកថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១នេះឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយ ពិតប្រាកដ និងបំណងរួមរបស់ប្រទេសកម្ពុជា និងថៃ ក្នុងការរៀបចំដោយស្មោះត្រង់នូវក្របខ័ណ្ឌ មួយដែលភាគីទាំងពីរអាចទទួលយកបាន ដើម្បីជាមូលដ្ឋានសម្រាប់ការទាញយកផលប្រយោជន៍រួម ពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា (OCA) ហើយក្នុងពេលដំណាលគ្នានោះ ក៏ជំរុញការ កំណត់ព្រំដែនសមុទ្រស្របតាមច្បាប់អន្តរជាតិផងដែរ។

អនុស្សរណៈឆ្នាំ២០០១ ក៏បង្ហាញពីសុច្ឆន្ទៈរបស់ប្រជាជាតិទាំងពីរ ក្នុងកិច្ចខិតខំប្រឹងប្រែង កំណត់ព្រំដែនសមុទ្រមួយប្រកបដោយមិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នាសម្រាប់ ប្រជាជននៃប្រទេសទាំងពីរ។ តាមសេចក្តីចែងនៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឯកសារនេះនៅតែមានសុពលភាពរហូតដល់គោលបំណងរបស់អនុស្សរណៈនេះត្រូវបានសម្រេច ពេញលេញ។

អ្នកនាំពាក្យក្រសួងការបរទេសបានសង្កត់ធ្ងន់ថា យោងតាមសេចក្តីចែងនៃអនុស្សរណៈនេះ ឯកសារ MOU-2001 នៅតែមានសុពលភាពពេញលេញ រហូតទាល់តែគោលបំណង នៃកិច្ចព្រមព្រៀងនេះត្រូវបានសម្រេចជាស្ថាពរ។ ការប្រកាន់ខ្ជាប់នូវឯកសារនេះ គឺជាការបង្ហាញពីស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រជាជាតិទាំងពីរ។

ជាមួយគ្នានេះ កម្ពុជាក៏​បានសម្តែងនូវការខកចិត្ត និងការសោកស្តាយយ៉ាងខ្លាំងចំពោះលទ្ធភាពដែលភាគីថៃអាចនឹងដកខ្លួនចេញជាឯកតោភាគី ដោយបញ្ជាក់ថា ៖ “វាជារឿងគួរឱ្យសោកស្តាយយ៉ាងខ្លាំង ប្រសិនបើភាគីថៃសម្រេចដកខ្លួនជាឯកតោភាគីពីអនុស្សរណៈឆ្នាំ២០០១ ដែលនេះជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការដែលជាមូលដ្ឋានគ្រឹះនៃឯកសារនេះ។”

ចំពោះប្រទេសកម្ពុជាវិញ នៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំ និង ឥតងាករេចំពោះខ្លឹមសារ និងស្មារតីនៃអនុសញ្ញាណនេះ ព្រមទាំងចំពោះសុច្ឆន្ទៈ និងភាពស្មោះត្រង់ ដែលបាននាំឱ្យអនុស្សរណៈនៃការយោគយល់គ្នានេះ សម្រេចបានកាលពីឆ្នាំ២០០១៕

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

កូរ៉េខាងជើង បានបាញ់សាកល្...