ភ្នំពេញ – រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរដែលមានលោក ថោង ខុន ជាប្រធាន។
លិខិតចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានាថ្ងៃ១១ កញ្ញា បានឱ្យដឹងថា ប្រធាន អនុប្រធាន និងសមាជិកសរុបទាំងអស់២៣រូប។ ដោយគណៈកម្មការនេះ មានភារកិច្ចរៀបចំក្រុមជំនុំស្រាវជ្រាវ ដើម្បីចងក្រងឯកសារនិងរៀបចំគម្ពីរអាថ៌កំបាំង យុទ្ធគុនដូនតាខ្មែរ ឱ្យមានការឯកភាពផ្ទៃក្នុងជាតិ ។
ក្នុងនោះសិក្សាស្រាវជ្រាវ រុករកប្រភពឯកសារ ឧបករណ៍ សម្ភារៈយុទ្ធគុន ចម្លាក់ ប្រភពមនុស្សរស់ដែលមានព័ត៌មាន សិល្បៈក្បាច់គុនខ្មែរបុរាណ និងមរតកមនុស្ស រស់គ្រប់ទីកន្លែងនៃកម្ពុជា អតីតចក្រភពខ្មែរ និងនៅបរទេស តាំងពីបុរាណអស់កាលដ៏យូរលង់មក។
លោកបណ្ឌិត រ័ត្ន សណ្តាប់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកជំនាញខាងអារ្យធម៌ខ្មែរ បានមានប្រសាសន៍ថា ការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរនេះ មានសារសំខាន់ណាស់។ តាមលោកបណ្ឌិត ការស្រាវជ្រាវគឺជាការប្រមូលផ្តុំឡើងវិញនូវយុទ្ធគុនដូនតាខ្មែរ ដែលបានបាត់បង់ដោយមូលហេតុផ្សេងៗពីអតីតកាល ឲ្យមានការឯកភាពគ្នានៅក្នុងក្បាច់គុនបុរាណខ្មែរ៕


























