ភ្នំពេញ – ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី៨ ធ្នូ បានត្រាស់បង្គាប់ថ្វាយព្រះឋានៈដល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ដែលមានតួនាទីជាសម្តេចព្រះសង្ឃនាយក ជាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃរាជនៃប្រទេសកម្ពុជាគណៈមហានិកាយ។ ការត្រាស់បង្គាប់ថ្វាយព្រះឋានៈដល់សម្តេច នន្ទ ង៉ែត ជាសម្តេចព្រះសង្ឃរាជថ្មីនៅពេលនេះ ធ្វើឡើងប្រមាណ៩ខែ ក្រោយការចូលទិវង្គតរបស់សម្តេចព្រះសង្ឃរាជ ទេព វង្ស។
ភ្ជាប់ជាមួយនឹងការតែងតាំងសម្តេចព្រះសង្ឃរាជ នន្ទ ង៉ែត ជាសម្តេចព្រះសង្ឃរាជថ្មីនៃកម្ពុជាពេលនេះ មន្ត្រីសង្ឃជាន់ខ្ពស់៤អង្គ ក៏ត្រូវព្រះមហាក្សត្រត្រាស់បង្គាប់ថ្វាយឋានៈផងដែរ ដោយសម្តេចព្រះពោធិវង្ស អំ លឹមហេង ត្រូវបានត្រាស់បង្គាប់តែងតាំងជាសម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ ជំនួសសម្តេច នន្ទ ង៉ែត ដែលឡើងព្រះឋានៈជាសម្តេចព្រះសង្ឃរាជ។ ដោយឡែក មន្ត្រីសង្ឃជាន់ខ្ពស់៣អង្គផ្សេងទៀតដូចជាសម្តេច ណយ ច្រឹក សម្តេច មួង រ៉ា សម្តេច ឃឹម សន ក៏ត្រូវឡើងឋានៈផងដែរ ជាសង្ឃនាយករងទី១ ទី២ និងទី៣ នៃគណៈមហានិកាយកម្ពុជា។
សូមរំលឹកថាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានយាងចូលទិវង្គតកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយព្រះជរាពាធក្នុងព្រះជន្មាយុ ៩៣ព្រះវស្សានៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។ ព្រះបរមសពសម្តេចសង្ឃរាជ ទេព វង្ស ត្រូវបានរដ្ឋាភិបាលរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើងនៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី បន្ទាប់ពីតម្កល់អស់រយៈ ១០០ថ្ងៃ៕



























