Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បញ្ជាក់ពីស្ថានភាពជំងឺអេដស៍នៅកម្ពុជា និងបំភ្លឺពីការផ្សព្វផ្សាយលើបណ្តាញសង្គម

ភ្នំពេញ – ក្រសួងសុខាភិបាលកាលពីថ្ងៃទី១១ ធ្នូ ម្សិលមិញ បានចេញមកច្រានចោលចំពោះការផ្សព្វ​ផ្សាយលើបណ្តាញសង្គមដែលបានលើកឡើងថា ខេត្តព្រះសីហនុ និងខេត្ត​តា​កែវ ជាខេត្តមានអត្រាមេរោគអេដស៍ខ្ពស់ជាងគេក្នុងលំដាប់លេខ១ និងលេខ​២។ ក្នុងសេចក្តីបំភ្លឺនេះ ក្រសួងក៏បានបញ្ជាក់ផងដែរថា គិតត្រឹមឆ្នាំ២០២៣ កម្ពុជាមានអ្នករស់នៅ​ជា​មួយមេរោគអេដ​ស៍ចំនួន ៧៦,០០០នាក់ ក្នុងនោះ ៦៩,៤១៣នាក់ កំពុង​ទទួល​ការព្យា​បាល​ដោយឱសថ។

ការចេញមកពីបញ្ជាក់ពីស្ថានភាពជំងឺអេដស៍នៅកម្ពុជា ធ្វើឡើងបន្ទាប់ពី​មាន​​គណនី​ហ្វេស​ប៊ុក ឈ្មោះ Hea Ra កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ បាន​បង្ហោះព័ត៌មានថា « HIV-មេរោគេអដស៍កំពុង​កើន​ឡើង​ខ្លាំង TOP1 ព្រះសីហនុ TOP2 តាកែវ។ បង្កើនការប្រុងប្រយ័ត្ន 70,000នាក់ផ្ទុក 7,000​​នាក់ រត់គេចមិន​ទទួល​ការព្យាបាល»។

ព័ត៌មានដែលបានចុះផ្សាយខាងលើនេះ ក្រសួងសុខាភិបាលថា ជាព័ត៌មាន​មិន​ពិត ខ្វះមូលដ្ឋាន​ច្បាស់​លាស់ និងបានបង្កឱ្យមាន ការភាន់ច្រឡំយ៉ាងធ្ងន់​ធ្ងរ​។ ជាងនេះទៅ​ទៀត ខ្លឹមសារបំភាន់នេះ បានឈានទៅដល់ការបង្កើតវីដេអូប្រតិកម្ម ដែល​បង្ហាញពីការព្រួយបារម្ភហួសហេតុ អំពីស្ថានភាពមេរោគ​អេដស៍ និងជំងឺ​អេដស៍​នៅក្នុងខេត្តតាកែវ។ ទោះបីជាម្ចាស់គណនីបានកែតម្រូវខ្លឹមសារនៃការបង្ហោះជាបន្តបន្ទាប់ក៏ដោយ ក៏នៅតែមាន ទំព័រហ្វេសប៊ុកជាច្រើន បន្តផ្សព្វផ្សាយនិងចែករំលែក ព័ត៌មានមិនពិតខាងលើ ដោយមិនបានផ្ទៀងផ្ទាត់ការ ពិតពីអ្នកជំនាញ​គ្រប់គ្រង​ទិន្នន័យដែលមានសមត្ថភាព ជាអ្នកផ្តល់សេវាក្នុងការបង្ការ ថែទាំ និងព្យាបាល មេរោគអេដស៍និងជំងឺអេដស៍។ ព័ត៌មានមិនពិតដែល​កំពុងត្រូវ​បាន​បន្តផ្សព្វផ្សាយនេះ ធ្វើឱ្យមានការភាន់ ច្រឡំទាក់ទងនឹងករណីជំងឺ​អេដស៍​​​នៅខេត្តតាកែវ។

ក្រសួងបានបញ្ជាក់ថា ប្រទេសកម្ពុជា ត្រូវបានពិភពលោកទទួលស្គាល់ថា ស្ថិតក្នុងគន្លងផ្លូវក្នុងការឈានទៅសម្រេច បានគោលដៅសកល ៩៥%​-៩៥%​-៩៥% មានន័យថា ៩៥%នៃអ្នកដែលមិនបានដឹង​ខ្លួនថាផ្ទុកមេរោគ អេដស៍បានដឹងពីស្ថានភាពនៃមេរោគអេដស៍របស់ខ្លួន, ៩៥% បានដឹងខ្លួ​ន​ថា ផ្ទុកមេរោគអើដស៍បានទទួល ការព្យាបាលដោយឱសថប្រឆាំងមេរោគ​អេដស៍ និង ៩៥%នៃអ្នកដែលបានទទួលការព្យាបាលមានបន្ទុក មេរោគ​អេដស៍​ក្នុងឈាមត្រូវបានបង្ក្រាប (Viral Suppressed)។

ជាលទ្ធផល​នៅឆ្នាំ២០២៣ សម្រេច បាន ៨៩% នៃ៩៥%ទី១, ៩៨%នៃ៩៥ទី២ និង ៩៨% នៃ៩៥%ទី៣។ ជាមួយគ្នា​ក្រសួងសុខាភិបាល​ក៏​បានឱ្យដឹងដែរថា ក្នុងឆ្នាំ២០២៣ កម្ពុជាមានអ្នករស់នៅជាមួយមេរោគអេដ​ស៍ចំនួន ៧៦,០០០នាក់ ក្នុងនោះ ៦៩,៤១៣នាក់ កំពុងទទួលការព្យា​បាល​ដោយ​ឱសថ ប្រឆាំងមេរោគអេដស៍គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤។

ដូចនេះ​មាន​អ្នករស់នៅជាមួយមេរោគអេដស៍ប្រមាណជា ៧,០០០នាក់​ដែល​មិន​ទាន់​ដឹង​ខ្លួន​ថាផ្ទុកមេរោគអេដស៍ ហើយមិនទាន់ទទួលបានសេវា​ព្យា​បាល។ ម៉្យាងទៀតនៅឆ្នាំ២០២៣ មានអ្នកឆ្លងថ្មីនៃមេរោគអេដស៍ចំនួន ១,២០០នាក់ ក្នុងនោះ ៨៦ភាគរយ គឺស្ថិតក្នុងចំណោមប្រជាជនចំណុច និង​ដៃ​គូ​រួម​ភេទរបស់ពួកគាត់។ ក្រុមប្រជាជនចំណុចត្រូវបានចាត់ទុកថា ជាក្រុម​ដែលមានការប្រឈម​មុខ​ខ្ពស់នឹងការឆ្លងមេរោគអេដស៍ រួមមាន ក្រុមស្ត្រីបម្រើសេវាកំសាន្ត ក្រុម បុរស​រួមភេទជាមួយបុរស ក្រុមអ្នកបំលែងភេទជាស្រ្តី ក្រុមអ្នកប្រើប្រាស់ និង​អ្នកចាក់គ្រឿងញៀន។ ដោយឡែកនៅខេត្តតាកែវ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ អ្នកដែលកំពុងរស់នៅ​ជាមួយ​មេរោគអេដស៍ កំពុងទទួលការបង្ការថែទាំ និងការព្យាបាលដោយ​ឱសថ​ប្រឆាំងនឹងមេរោគអេដស៍មានសរុបចំនួន ២,៨១៤នាក់ ក្នុងនោះស្រ្តីមានចំនួន ១,៥៣៥ នាក់។ ដោយឡែកមានអ្នកជំងឺត្រឹមតែ ១៤នាក់ ប៉ុណ្ណោះដែលបានចាកចេញពីសេវាជាបណ្តោះអាសន្ន និងកំពុង​កិច្ចខិតខំប្រឹងប្រែងតាមដាន ទំនាក់ទំនងដើម្បីនាំពួកគាត់វិលត្រឡប់មក​សេវាថែទាំ និងព្យាបាលវិញ។

ជាមួយគ្នានេះក្រសួងសុខាភិបាល អំពាវឱ្យប្រជាជន ក្រុមប្រជាជន​ប្រឈម​មុខ​ខ្ពស់នឹងការឆ្លងមេរោគអេដស៍ យុវវ័យ ត្រូវប្រកាន់ភ្ជាប់នូវផ្នត់​គំនិត និងឥរិយាបថវិជ្ជមាន ក្នុងការបង្ការ ការចម្លងមេរោគអេដស៍ ដើម្បី​បង្ការ​ខ្លួន​យើង គ្រួសារយើង សហគមន៍យើង និងសង្គមជាតិយើងពីការរីក​រាលនៃមេរោគអេដស៍ ព្រោះ ថា «យើងអាចភ្លេចអេដស៍ តែអេដស៍ពុំភ្លេច​យើង​ឡើយ » និងបើបានប្រព្រឹត្តឬសង្ស័យថាខ្លួនបានប្រឈម នឹងការឆ្លង​មេរោគ​អេដស៍ ចូលប្រញាប់រួសរាន់ទៅស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្ត​ឈាម​រ​កមេរោគអេដស៍ ដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់​ ដើម្បីឆាប់បាន​ដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ដែលអាចប្រើប្រាស់ ក្នុង ការសម្រេចចិត្ត ទៅទទួលសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា៕

អត្ថបទចាប់អារម្មណ៍ច្រើន