បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនាថ្ងៃទី១៧ ធ្នូ នេះបានឱ្យដឹងថា ខ្យល់មូសុងឦសាន មានឥទ្ធិពលលើសមុទ្រចិនខាងត្បូង និងគ្របដណ្តប់លើអាងទន្លេមេគង្គ និងឈូងសមុទ្រថៃ ដែលស្ថានភាពនេះ នឹងធ្វើឱ្យប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូ មានអាកាសធាតុត្រជាក់ រួមជាមួយខ្យល់បក់បោកខ្លាំង។
ក្នុងនោះសម្រាប់តំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា ១៩អង្សា និងអតិបរមា៣០អង្សា ខណៈខ្យល់បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម ៦,៥ម៉ែត្រ/វិនាទី។
តំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា ១៨អង្សា និងសីតុណ្ហភាពអតិបរមា ២៩អង្សា ខ្យល់បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម ៧ម៉ែត្រ/វិនាទី។
តំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអប្បបរមា ១៩អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា ៣០អង្សា ខ្យល់បក់មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម ៧,៥ម៉ែត្រ/វិនាទី។ ដោយឡែករលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕



























