Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃកម្ពុជា ច្រានចោលព័ត៌មានលើបណ្តាញសង្គម Weibo ដែលចោទស្ថាប័ននគរបាលជាតិ លក់ព័ត៌មាន​ឱ្យ​ឧក្រិដ្ឋជន

Published

on

ក្រសួងមហាផ្ទៃកម្ពុជា​នៅថ្ងៃនេះ បានប្រកាស​ច្រានចោលទាំងស្រុង​ចំពោះ​គណនីបណ្តាញ​សង្គម Weibo របស់ចិន​មួយ ដែលមានឈ្មោះ Tie Xiao Jun ដែលបានធ្វើការ​ផ្សព្វផ្សាយ​កាលពីថ្ងៃទី៣ មីនា ឆ្នាំ២០២៥ ដោយចោទប្រកាន់មកលើស្ថាប័ននគរបាលជាតិកម្ពុជា បង្កើតឱ្យមានការភ័ន្តច្រឡំដល់មតិសាធារណៈជាតិនិង អន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងបង្កឱ្យមានការភ័យខ្លាចដល់ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគទុនបរទេស។

បើតាម​ក្រសួងមហាផ្ទៃ គណនីនោះ បាន​បង្ហោះខ្លឹមសារ ដោយ​ចោទប្រកាន់មកលើនគរបាលជាតិកម្ពុជាពាក់ព័ន្ធថា បានលក់ព័ត៌មានទៅឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ ករណីពលរដ្ឋចិនកំពុងរងគ្រោះដោយការធ្វើទារុណកម្មក្នុង ទីតាំងឆបោកតាមប្រព័ន្ធអនឡាញ ដែលរូបគេ (Tie Xiao Jun) ជាអ្នកដើរប្រមូលព័ត៌មានពីពលរដ្ឋចិន ដែលកំពុងធ្វើការក្នុងទីតាំងអនឡាញនៅកម្ពុជាដោយផ្ទាល់។

គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ បានបញ្ជាក់តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ចេញផ្សាយ​នៅ​ថ្ងៃទី៥ មីនា នេះថា ១. ពុំមានជនបរទេសរងគ្រោះដូចការលើកឡើង ដោយសមត្ថកិច្ចមិនបានយកចិត្តទុកដាក់ជួយ អន្តរាគមន៍ ក្រោយពេលទទួលបានព័ត៌មាននោះឡើយ។ ២.ការផ្សព្វផ្សាយខាងលើ ផ្ទុយពីស្ថានភាពជាក់ស្តែង ដែលសមត្ថកិច្ចកម្ពុជាកំពុងខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ក៏ដូចជាកិច្ចអន្តរាគមន៍នានាតាមសំណើរបស់ ជនបរទេសដែលកំពុងមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែងក្នុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលកម្ពុជាបានធ្វើការស្រាវជ្រាវ តាមសំណើសុំអន្តរាគមន៍របស់ជនបរទេសពីគ្រប់ប្រភព ដោយបានបើកប្រតិបត្តិការស្វែងរក បានចំនួន១,៧៨៣សំណើ រកឃើញជនបរទេស ៣,៣០៤នាក់។ ក្នុងនោះមានសំណើចំនួន១,៣៩៥ករណី ជាករណីប្រឌិតព័ត៌មានក្នុងគោលបំណង លាឈប់ពីការងារមុន កិច្ចសន្យា (ចំនួន៦៧៣សំណើ) និងករណីជនបរទេសចូលមកកម្ពុជាដោយខុសច្បាប់គ្មានលទ្ធភាពត្រឡប់ ទៅប្រទេសកំណើតវិញ (ចំនួន៦៨៣សំណើ)…។ល។ គួរកត់សម្គាល់ផងដែរថា មានសំណើចំនួន៣២ករណី ត្រូវបានរៀបចំឡើងដោយបុគ្គលមិនស្គាល់អត្តសញ្ញាណ ហើយសាមីខ្លួនក៏មិនបានស្នើសុំនោះដែរ។ ក្រៅពីនេះ សំណើចំនួន៣៧៣ករណីផ្សេងទៀត មានជនបរទេសចំនួន៨១១នាក់ មិនត្រូវបានរកឃើញដោយមូលហេតុ បុគ្គលក្នុងសំណូមពរអន្តរាគមន៍បានលាឈប់ពីការងារនិងបានចាកចេញពីទីតាំង (ចំនួន៣០៩សំណើ) និង សំណើមិនពិតប្រាកដគ្មានតម្រុយច្បាស់លាស់ (ចំនួន៦៤ករណី)។

៣. ក្រៅពីការស្រាវជ្រាវតាមសំណើជនបរទេស ចាប់តាំងពីឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ននេះ សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបទីតាំងអនឡាញខុសច្បាប់បានចំនួន ១៨ទីតាំង និងបានឃាត់ខ្លួន ជនបរទេសដើម្បីបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជាបានចំនួន ៣,៧២៤នាក់ មានចំនួន ១៦សញ្ជាតិ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការបានចំនួន ១៥ករណី និងបញ្ជូនខ្លួនជនសង្ស័យបាន ចំនួន ៧៦នាក់។

៤. តើម្ចាស់គណនីបណ្តាញសង្គម Weibo ឈ្មោះ Tie Xiao Jun ជាអ្នកណា? តើអាចទៅរួចទេដែល បុគ្គលនេះអាចដើរប្រមូលព័ត៌មានដោយផ្ទាល់នៅតាមទីតាំងអនឡាញ ខណៈដែលបុគ្គលនេះចោទប្រកាន់ ទីតាំងទាំងនោះ ជាទីតាំងខុសច្បាប់ និងមានធ្វើទារុណកម្មលើបុគ្គលិក? តើគាត់អាចទំនាក់ទំនងជាមួយ ជនរងគ្រោះដែលគាត់បានលើកឡើងដោយរបៀបណា? ហេតុអ្វីក៏អ្នកទាំងនោះមិនទំនាក់ទំនងដោយផ្ទាល់ មកអាជ្ញាធរកម្ពុជា ខណៈពេលដែលយន្តការនៃការទទួលព័ត៌មាន និងសំណើសុំអន្តរាគមន៍ត្រូវបានដាក់ ឱ្យប្រើយ៉ាងទូលំទូលាយ?

គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ បានសំណូមពរដល់សមត្ថកិច្ចចិនជួយស្រាវជ្រាវនិងចាត់វិធានការចំពោះបុគ្គលនេះ ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងកិត្តិនាម របស់នគរបាលជាតិកម្ពុជា ជាពិសេសប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងសន្តិសុខសាធារណៈចិន ក្រោមយន្តការកិច្ចសហការអនុវត្តច្បាប់នាពេលកន្លងមក៕

Advertisement ADS300px

Facebook

វីដេអូ6 ខែ ago

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ​នៅជំរុំ​​ជនភៀសសឹក

ព័ត៌មានជាតិ7 ខែ ago

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

សេដ្ឋកិច្ច7 ខែ ago

អត្រាពន្ធគយបដិការរវាង កម្ពុជា សហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ8 ខែ ago

កិច្ចសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះឬស្សី

ព័ត៌មានជាតិ10 ខែ ago

នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់អាគារមានសភាពចាស់ៗខ្លាំង ចូលរួមគ្នាស្វែងរកដំណោះស្រាយ