Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ​ដាក់ពង្រាយសមត្ថកិច្ចអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ ប៉ុន្តែផ្ដោតលើការអប់រំ និងណែនាំ

ក្រសួងមហាផ្ទៃបានដាក់ពង្រាយសមត្ថកិច្ចអនុវត្តច្បាប់ចរាចរណ៍នៅទូទាំងប្រទេសឡើងវិញ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោក ទូច សុឃៈ អ្នកនាំពាក្យរង បានបញ្ជាក់ថា មន្ត្រីនឹងមិនធ្វើការផាកពិន័យទេ ប៉ុន្តែផ្ដោតលើការអប់រំ និងណែនាំដល់អ្នកល្មើសលើករណីសំខាន់ៗដូចជា បើកបរលើសល្បឿន និងមិនពាក់មួកសុវត្ថិភាព។

ក្រសួងមហាផ្ទៃ​បានដាក់ពង្រាយសមត្ថកិច្ចចុះអនុវត្តច្បាប់ចរាចរណ៍នៅតាមគោលដៅទូទាំងប្រទេសឡើងវិញហើយ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ តទៅ នេះបើតាមការបញ្ជាក់របស់លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ការចាប់ផ្ដើមអនុវត្តច្បាប់ចរាចរណ៍ឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីបានផ្អាកអស់រយៈពេល ៤ខែ ដោយសារ​តែបញ្ហា​ជម្លោះព្រំដែនជាមួយប្រទេសថៃ។

លោក ទូច សុឃៈ បានថ្លែងថា នៅក្នុងដំណាក់កាលចាប់ផ្ដើមនេះ មន្ត្រីនគរបាលចរាចរណ៍ដែលចុះ​​អនុវត្តច្បាប់ចរាចរណ៍តាមគោលដៅ ​នឹងមិន​ធ្វើការផាកពិន័យ​ដល់​អ្នកមានកំហុសនោះទេ។ ផ្ទុយទៅវិញ មន្ត្រីទាំងនោះ នឹង​ផ្ដោតលើ​ការអប់រំ និងណែនាំដល់អ្នកល្មើសច្បាប់ចរាចរណ៍តែ​ប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា ករណីល្មើសមួយចំនួនដែលនឹងត្រូវធ្វើការអប់រំរួមមាន ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការមិនគោរពភ្លើងសញ្ញា ការដឹកសំពីងសំពោង ការមិនពាក់មួកសុវត្ថិភាព និងការគ្មានកញ្ជក់។

ការពង្រាយមន្ត្រីនគរបាលអនុវត្តច្បាប់ចរាចរណ៍ឡើងវិញនេះ ធ្វើឡើងក្រោយពីក្រសួងមហាផ្ទៃសង្កេតឃើញថា តាំងពីផ្អាកអនុវត្តច្បាប់ចរាចរណ៍ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ សណ្តាប់ធ្នាប់ចរាចរណ៍មិនសូវជាល្អប្រសើរ ហើយអត្រាគ្រោះថ្នាក់ចរាចរណ៍ក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ទៅទូទាំងប្រទេស​បានកើតឡើងចំនួន ១០៦៦លើក ដែលបណ្ដាលឱ្យមនុស្សចំនួន ៦៩៤នាក់ស្លាប់ និង ១៤៧៦នាក់រងរបួស។ មូលហេតុចម្បងៗ ដែលបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន មិនគោរពសិទ្ធិគ្នា មិនប្រកាន់ស្តាំ បើកបរក្នុងស្ថានភាពស្រវឹង និងបើកបរក្នុងស្ថានភាពងងុយដេក។ របាយការណ៍ដដែលបានបង្ហាញថា គ្រោះថ្នាក់បានកើតឡើងច្រើនជាងគេនៅ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកណ្ដាល៕

អត្ថបទចាប់អារម្មណ៍ច្រើន