រាជធានីភ្នំពេញ — កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ម្សិលមិញនេះ នៅអគារខេមរានី ឯកឧត្តម ឃុត ចាន់ដារ៉ា អនុប្រធានប្រចាំការ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារសម្រេចបាន និងប្រមូលធាតុចូលសំខាន់ៗ ដើម្បីរៀបចំផែនការទិសដៅការងារបន្ត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ នាយក-នាយិកាកម្មវិធី, តំណាងប្រធាន ស.ស.យ.ក. ខណ្ឌទាំង១៤, ក្រុមសកម្មជនយុវជន, សមាគម និងដៃគូសហការ សរុបចំនួន ១២០រូប។
ក្នុងឱកាសនោះ អង្គប្រជុំបានធ្វើការពិភាក្សា និងវាយតម្លៃយ៉ាងសកម្មលើសមិទ្ធផលដែលសម្រេចបានកន្លងមក ព្រមទាំងបានប្រមូលនូវរាល់ធាតុចូល និងមតិយោបល់សំខាន់ៗពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីយកមកធ្វើជាមូលដ្ឋានក្នុងការរៀបចំផែនការយុទ្ធសាស្ត្រឱ្យកាន់តែមានប្រសិទ្ធភាព។ ការជួបជុំនេះ ក៏មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមសកម្មជនយុវជន និងដៃគូសហការទាំងអស់ ក្នុងការឈានទៅសម្រេចបាននូវទិសដៅការងារថ្មីៗសម្រាប់បម្រើដល់ផលប្រយោជន៍យុវជនក្នុងរាជធានីភ្នំពេញឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។
ជាទីបញ្ចប់ ឯកឧត្តមអនុប្រធានប្រចាំការ ក៏បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកាទាំងអស់ និងបានជំរុញឱ្យបន្តស្មារតីសាមគ្គីភាព ដើម្បីអនុវត្តទិសដៅការងារបន្តឱ្យទទួលបានជោគជ័យតាមការគ្រោងទុក៕

