​ឯកឧត្តម​ ​នេត្រ​ ភត្រ្តា​ ​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​

​រូបភាព​នាយករដ្ឋមន្ត្រី​ថៃ ​លោក​ ​អនុទីន ​ចាន់​វីរៈ​គុល ​ឈរ​នៅ​តំបន់​អាន​សេះ ​កាលពី​ថ្ងៃ​ទី​២៣​ ​ខែ​សីហា ​ឆ្នាំ​២០២៦ ​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​បង្ហាញ​ពី​វត្តមាន​របស់​មន្ត្រី​ជាន់ខ្ពស់​ថៃ​នៅ​ទីនោះ​។ ​ប៉ុន្តែ​រូបភាព​មួយ​សន្លឹក​មិន​អាច​កំណត់​អធិបតេយ្យភាព​បាន​ទេ​។

​ប៉ុន្តែ​តើ​ផ្អែក​លើ​អ្វី​ដើម្បី​បញ្ជាក់​ទីតាំង​ដែល​នាយករដ្ឋមន្ត្រី​ថៃ​ឈរ​នោះ​ជា​ទឹកដី​កម្ពុជា​?​ ​គឺ​ឈរ​លើ​មូលដ្ឋាន​នៃ​សំណុំ​ឯកសារ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​ ​ដែល​កម្ពុជា​បាន​យោង​ដូចជា​ ​អនុសញ្ញា​ ​សន្ធិសញ្ញា​ ​ផែនទី​ ​គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់លាស់​បំផុត​ ​«​ទីតាំង​ដែល​នាយករដ្ឋមន្ត្រី ​អនុទីន ​បាន​ឈរ​នោះ​គឺ​ស្ថិត​នៅ​តំបន់​អាន​សេះ​ ​ស្រុក​ជាំក្សាន្ត​ ​ខេត្ត​ព្រះវិហារ ​ក្នុង​ទឹកដី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​»​។

​ដូច្នេះ​ ​បញ្ហា​មិន​មែន​ថា​ ​លោក​ ​អនុទីន ​អាច​ទៅ​ដល់​ទីនោះ​បាន​ឬ​អត់​នោះ​ទេ​។ ​បញ្ហា​គឺ​ថា​ «​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​មួយ​បាន​ចូល​ទៅកាន់​ទីតាំង​ស្ថិត​ក្នុង​អធិបតេយ្យ​និង​បូរណភាព​ទឹកដី​កម្ពុជា​ ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​រដ្ឋម្ចាស់​អធិបតេយ្យភាព​»​។ ​នេះ​ជា​មូលហេតុ​ដែល​កម្ពុជា​ត្រូវតែ​តវ៉ា​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ចំពោះ​សកម្មភាព​ខុស​ច្បាប់​នេះ​ ​បន្ថែម​ពី​អ្វី​ដែល​យោធា​ថៃ​បាន​ឈ្លាន​ពាន​ទឹកដី​កម្ពុជា​ ​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល ​និង​ការ​កែប្រែ​ស្ថានភាព​ដើម​ fait ​accompli ​នា​ពេល​កន្លងទៅ​។

​ព្រំ​ដែន​កម្ពុជា​-​ថៃ​មិន​ត្រូវ​បាន​កំណត់​នៅ​ថ្ងៃ​ទី​២៣​ ​ខែ​សីហា ​ឆ្នាំ​២០២៦ ​ដោយ​វត្ត​មាន​របស់​នាយករដ្ឋមន្ត្រី​មក​ឈរ​ទីនោះ​ដើម្បី​ប្រថាប់​ត្រា​ថា​ជា​ទឹកដី​ថៃ ​ឬ​វត្តមាន​យោធា​ថៃ​នៅ​ឈរ​ជើង​ទី​នោះ​ទេ​។

​មូលដ្ឋាន​គតិយុត្ត​ដែល​កម្ពុជា​យោង​ក្នុង​បញ្ហា​ព្រំដែន​នេះ​ ​មាន​ប្រភព​ពី​អនុសញ្ញា​បារាំង​-​សៀម​ ​ឆ្នាំ​១៩០៤​ ​សន្ធិសញ្ញា​បារាំង​-​សៀម​ ​ឆ្នាំ​១៩០៧ ការងារ​របស់​គណៈកម្មការ​កំណត់​ព្រំដែន​ឥណ្ឌូចិន​-​សៀម ​ផែនទី​ខ្នាត​ ១​:​២០០​.​០០០ ​ដែល​ពាក់ព័ន្ធ​នឹង​ដំណើរការ​កំណត់​ព្រំដែន​នោះ​ ​និង​ឯកសារ​ព្រំដែន​ពាក់ព័ន្ធ។

​អ្វី​ដែល​គួរឱ្យ​កត់សម្គាល់​ជាពិសេស​ ​គឺ​សូម្បីតែ​ផែនទី​ស៊េរី ​L7017 ​ខ្នាត ​១​:​៥០​.​០០០ ​ដែល​ភាគី​ថៃ​ប្រើប្រាស់​ដោយ​ឯកតោភាគី ​ហើយ​ដែល​កម្ពុជា​មិន​ទទួល​ស្គាល់​ជា​មូលដ្ឋាន​គតិយុត្ត​សម្រាប់​ការ​កំណត់​ព្រំដែន ​ក៏​បង្ហាញ​ទីតាំង​ដែល​ត្រូវ​បាន​សម្គាល់​ថា​ជា​ទីតាំង​ដំណើរ​របស់​នាយករដ្ឋមន្ត្រី​ថៃ ​ស្ថិត​នៅ​ខាង​កម្ពុជា​នៃ​ខ្សែ​ដែល​បង្ហាញ​លើ​ផែនទី​នោះ​ដែរ។

​នៅពេល​យក​ខ្សែ​ព្រំដែន​ដែល​កម្ពុជា​យោង​ពី​ផែនទី​ខ្នាត​ ១​:​២០០​.​០០០​ ​មក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី ​L7017 ​និង​ទីតាំង​ជាក់ស្តែង​ដែល​បាន​សម្គាល់​លើ​រូបភាព​ផ្កាយ​រណប ​ទីតាំង​នោះ​ត្រូវ​បាន​បង្ហាញ​នៅ​ខាង​កម្ពុជា​នៃ​ខ្សែ​ទាំង​ពីរ​។ ​ដូច្នេះ​ ​បញ្ហា​ដែល​ភាគី​ថៃ​ត្រូវ​ឆ្លើយ​មិន​មែន​ថា​ ​នាយករដ្ឋមន្ត្រី​ថៃ​បាន​ទៅ​ដល់​ទីនោះ​ដោយ​របៀប​ណា​ទេ ​ប៉ុន្តែ​តើ​មាន​ផែនទី​ ​សន្ធិសញ្ញា​ ​ឬ​មូលដ្ឋានគតិយុត្ត​ណា​ដែល​អាច​បង្ហាញ​ថា​ទីតាំង​នោះ​ស្ថិត​ក្រោម​អធិបតេយ្យភាព​ថៃ?​

​បើ​ភាគី​ថៃ​អះអាង​ថា​ទីតាំង​នោះ​ជា​ទឹកដី​ថៃ ​នោះ​ភាគី​ថៃ​ត្រូវ​បង្ហាញ​មូលដ្ឋាន​គតិយុត្ត​ដែល​គាំទ្រ​ការ​អះអាង​របស់​ខ្លួន​នោះ​។ ការ​អះអាង​តែ​មាត់​ទទេ​ដោយ​គ្មាន​មូលដ្ឋាន​គតិយុត្ត ​មិន​អាច​យក​ជា​ការ​បាន​ឡើយ​ ​ហើយ​ក៏​ការ​កាន់កាប់​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់​មិន​មែន​ក្លាយជា​ស្រប​ច្បាប់ ​ដោយសារតែ​វា​ត្រូវ​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ឡើយ​។ ការ​ដែល​មន្ត្រី​ជាន់ខ្ពស់​នៃ​ប្រទេស​មួយ​អាច​ទៅ​ឈរ​នៅ​ទីតាំង​ណាមួយ ​មិន​មាន​ន័យ​ថា​ទីតាំង​នោះ​ជា​ទឹកដី​របស់​ប្រទេស​នោះ​ទេ​ ​ហើយ​ត្រូវ​បែងចែក​ឱ្យ​ច្បាស់​រវាង​ការ​កាន់កាប់​ទឹកដី​ដោយ​ខុស​ច្បាប់​ ​និង​សិទ្ធិ​អធិបតេយ្យភាព​តាម​ច្បាប់។

​បើ​មាន​ការ​ខ្វែងគំនិត​ ត្រូវ​យក​ទៅ​ ​JB​C ​មិន​មែន​យក​វត្តមាន​យោធា​មក​កំណត់​ព្រំដែន ​និង​ការ​កែប្រែ​ស្ថានភាព​ដើម​នោះ​ទេ​។ ​ថៃ​តែងតែ​អះអាង​ថា​ ​កុងតឺន័រ ​និង​បន្លា​លួស​មិន​មែន​ជា​ខ្សែ​ព្រំ​ដែន​ទេ​ ​ហើយ​នាយករដ្ឋមន្ត្រី​អនុទីន ​ចូល​មក​ដោយ​គ្មាន​ការ​អនុញ្ញាត​នៅ​តំបន់​អាន​សេះ​ ​ក៏​មិន​មែន​ជា​ការ​មក​បោះ​បង្គោល​ព្រំដែន​ទេ ​ហើយ​ថៃ​អះអាង​ម្តង​ហើយ​ម្តង​ទៀត​ថា​យក​យន្តការ J​BC ​មក​ដោះស្រាយ​បញ្ហា​ព្រំដែន​គោក​ដែល​មាន​។

​កម្ពុជា​ ​និង​ថៃ​មាន​យន្តការ​សម្រាប់​ដោះស្រាយ​បញ្ហា​ព្រំដែន​រួចហើយ​។ ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០០ ​ស្តីពី​ការ​វាស់វែង ​និង​ខណ្ឌ​សីមា​ព្រំដែន​គោក ​និង​យន្តការ​ JB​C ​បាន​បង្កើត​ក្របខណ្ឌ​សម្រាប់​ភាគី​ទាំង​ពីរ​ធ្វើការ​លើ​បញ្ហា​ព្រំដែន​។ ​ប្រសិនបើ​ភាគី​ថៃ​ពិត​ជា​ប្តេជ្ញាចិត្ត​ចំពោះ​ការ​ដោះស្រាយ​បញ្ហា​តាម​យន្តការ​ JBC ​ដូច​ដែល​ខ្លួន​បាន​អះអាង​ជា​បន្តបន្ទាប់​ ​នោះ​ការ​ប្តេជ្ញាចិត្ត​នេះ​គួរ​ត្រូវ​បាន​បង្ហាញ​តាមរយៈ​សកម្មភាព​ជាក់ស្តែង​។ ​ភាគី​ថៃ​គួរ​បង្ហាញ​ភាព​ស្មោះត្រង់​និង​សុឆន្ទៈ​ ​ដោយ​ទទួល​យក​សំណើ​ដែល​JB​C ​កម្ពុជា​ ​បាន​ស្នើ​កោះ​ប្រជុំ​មិន​តិច​ជាង​ ៩ ​ដង​មក​ហើយ​ទេ ស្រប​តាម​ចំណុច​ទី​៣ ​នៃ​សេចក្តី​ប្រកាស​រួម​ថ្ងៃ​ទី​២៧​ ​ខែ​ធ្នូ ​ឆ្នាំ​២០២៥​។ ​ប៉ុន្តែ​ថៃ​តែងតែ​រក​លេស​ពន្យារ​ពេល​ពី​មួយ​ទៅ​មួយ​រហូត​មក​ទល់នឹង​ពេលនេះ​។

​សេចក្តី​ថ្លែងការណ៍​រួម​ថ្ងៃ​ទី​២៧​ ​ខែ​ធ្នូ ​ឆ្នាំ​២០២៥ ​ក៏​បាន​បញ្ជាក់​ថា​ ​ការ​រៀបចំ​ក្រោម​សេចក្តី​ថ្លែងការណ៍​នោះ​ ​មិន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការ​ខណ្ឌ​សីមា ​និង​ព្រំដែន​អន្តរជាតិ​រវាង​ប្រទេស​ទាំង​ពីរ ​ហើយ​បាន​ប្រគល់​ភារកិច្ច​ឱ្យ​ JB​C ​បន្ត​ការ​វាស់វែង ​និង​ខណ្ឌ​សីមា​។

​ការ​តវ៉ា​របស់​កម្ពុជា​ក៏​មាន​សារៈសំខាន់​ផ្នែក​ច្បាប់​ ព្រោះ​វា​កត់ត្រា​យ៉ាង​ច្បាស់​ថា​ ​កម្ពុជា​មិន​យល់ព្រម​ ​មិន​ទទួល​ស្គាល់​ ​និង​មិន​អនុញ្ញាតឱ្យ​វត្តមាន​របស់​ថៃ​ត្រូវ​បាន​យក​ទៅ​បកស្រាយ​នៅ​ពេល​ក្រោយ​ថា​ ​កម្ពុជា​បាន​ទទួល​យក​ស្ថានភាព​នោះ​ទេ​។ ​កម្ពុជា​បាន​បង្ហាញ​គោល​ជំហរ​ផ្លូវការ​ដាច់ខាត​មិន​ទទួល​ស្គាល់​ការ​កែប្រែ​ខ្សែ​បន្ទាត់​ព្រំដែន​ដោយ​ប្រើប្រាស់​កម្លាំង​ឡើយ​។

​ទីតាំង​ដែល​លោក​ ​អនុទីន ​ឈរ ​ត្រូវ​វាស់​តាម​ផែនទី ​និង​ឯកសារ​ព្រំដែន ​មិន​មែន​វាស់​តាម​ទង់ជាតិ​ ​ឬ​វត្តមាន​យោធា​ឡើយ​។ ការ​គ្រប់គ្រង​ជាក់ស្តែង​មិន​ស្មើនឹង​អធិបតេយ្យភាព​តាម​ច្បាប់​ ​ហើយ​ស្ថានភាព​ដែល​បង្កើត​ដោយ​ឯក​តោភាគី​ ​មិន​អាច​ជំនួស​ដំណើរការ​ខណ្ឌ​សីមា​ដែល​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​បាន​ឡើយ​។ ​ប្រសិនបើ​ថៃ​អះអាង​ថា​ទីតាំង​ដែល​លោក​ ​អនុទីន ​ឈរ​នោះ​ជា​ទឹកដី​ថៃ ​ចម្លើយ​មិន​អាច​ជា​រូបថត​របស់​នាយករដ្ឋមន្ត្រី​ ​ទង់​ជាតិ​ កុងតឺន័រ​ ​ឬ​កងទ័ព​បាន​ទេ​។ ​ចម្លើយ​ត្រូវតែ​ជា​មូលដ្ឋាន​គតិយុត្ត ​ផែនទី​ ​និង​ឯកសារ​ព្រំដែន​ដែល​អាច​ផ្ទៀងផ្ទាត់​បាន​។ ​ហើយ​ការ​ដោត​ទង់ជាតិ​ ការ​ដាក់​កម្លាំង​យោធា​ ​ឬ​ការ​កែប្រែ​ស្ថានភាព​ដើម​តាមរយៈ​សកម្មភាព​សាងសង់​ផ្សេង​ៗ​ ​ក៏​មិន​អាច​ផ្លាស់ប្តូរ​អធិបតេយ្យភាព​តាម​ច្បាប់​បាន​ឡើយ​។ ​ប៉ុន្តែ​បាន​បង្ហា​ពី​ការ​ឈ្លាន​ពាន​ទឹកដី​កម្ពុជា​យ៉ាង​ច្បាស់​ក្រឡែត៕