កដ្ឋមណ្ឌុ — ផ្ទាំងភក់ និងថ្មដ៏ធំបានបាក់ស្រុតចូលទៅក្នុងទន្លេនៅតាមព្រំដែនហិម៉ាឡៃយ៉ានៃប្រទេសនេប៉ាល់ និងតំបន់ទីបេរបស់ប្រទេសចិនកាលពីថ្ងៃពុធ ដោយបានបង្កជាគ្រោះទឹកជំនន់ដ៏មហន្តរាយនៅខាងប្រទេសនេប៉ាល់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥៧ នាក់ និងភ្ញៀវទេសចររាប់រយនាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

យោងតាមរបាយការណ៍របស់ប៉ូលិសនេប៉ាល់ សាកសពចំនួន ១៥៧ ត្រូវបានរកឃើញរហូតមកដល់យប់ថ្ងៃពុធ។ ទន្ទឹមនឹងនេះ មន្ត្រីក្រសួងទេសចរណ៍នេប៉ាល់បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ភ្ញៀវទេសចរជាង ៤០០ នាក់កំពុងបាត់ខ្លួន ក្នុងនោះមានប្រហែល ៣៤០ នាក់ជាជនបរទេស។

អ្នកនាំពាក្យក្រុមប្រឹក្សាទេសចរណ៍នេប៉ាល់ លោក Sunil Sharma បានឱ្យដឹងថា ក្នុងចំណោមអ្នកបាត់ខ្លួនមានអ្នកធ្វើធម្មយាត្រាជនជាតិឥណ្ឌាចំនួន ១៣៣នាក់, អាមេរិក ៤៧នាក់, អូស្ត្រាលី ៣៤នាក់, អង់គ្លេស ៣៣នាក់ និងកាណាដា ២៤នាក់។ ក្រៅពីនេះ ប្រទេសកូរ៉េខាងត្បូងក៏បានរាយការណ៍ដែរថា ពលរដ្ឋរបស់ខ្លួនចំនួន ៨នាក់ ដែលបម្រើការងារនៅរោងចក្រវារីអគ្គិសនីកំពុងបាត់ខ្លួនផងដែរ។

របាយការណ៍បឋមពីមន្ត្រីនេប៉ាល់បានបង្ហាញថា ការរញ្ជួយដីនៅក្នុងតំបន់នោះអាចជាមូលហេតុបណ្តាលឱ្យផ្នែកខាងក្រោមនៃផ្ទាំងទឹកកកបាក់ស្រុត និងបង្កជាទឹកជំនន់ភ្លាមៗនេះឡើង។ មជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ បានកត់ត្រាការរញ្ជួយដីកម្រិត ៤.៤ រ៉ិចទ័រ ប្រហែល ៧នាទី មុនពេលហេតុការណ៍បាក់ស្រុតនេះកើតឡើង។ គ្រោះមហន្តរាយនេះបានបោកបក់រំលំផ្ទះសម្បែង ផ្លូវថ្នល់ ស្ពាន និងគម្រោងវារីអគ្គិសនីជាច្រើនកន្លែង ធ្វើឱ្យតំបន់រងគ្រោះប្រឈមនឹងការដាច់ចរន្តអគ្គិសនីទាំងស្រុង។

នៅខាងព្រំដែនប្រទេសចិនវិញ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មនុស្ស ៣ នាក់បានស្លាប់ និង ២៦៥ នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅក្នុងតំបន់ Gyirong នៃតំបន់ទីបេ ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធទំនាក់ទំនងត្រូវបានកាត់ផ្តាច់ទាំងស្រុងដោយសារការបាក់ដី។

ដោយឡែក ផលប៉ះពាល់ក៏បានធ្លាក់ទៅដល់ប្រទេសឥណ្ឌាផងដែរ ដោយអាជ្ញាធរនៅក្នុងរដ្ឋ Bihar បានចេញការព្រមានពីទឹកជំនន់ដែលហូរធ្លាក់ពីតំបន់ភ្នំកម្ពស់ជិត ២,០០០ម៉ែត្រ។ អាជ្ញាធរឥណ្ឌាបានជម្លៀសប្រជាជនប្រមាណ ៥,០០០ នាក់ចេញពីស្រុកចំនួន ៦ និងគ្រោងជម្លៀសបន្ថែមរហូតដល់ទៅ ១២,០០០ នាក់។

បច្ចុប្បន្ន ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្តយ៉ាងសកម្ម ដោយឧទ្ធម្ភាគចក្រជាច្រើនគ្រឿងត្រូវបានដាក់ពង្រាយ ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងដឹកជញ្ជូនពួកគេទៅកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលកងទ័ពនេប៉ាល់ ខណៈអាជ្ញាធរកំពុងប្រមូលផ្តុំកម្លាំងស្វែងរកអ្នកបាត់ខ្លួនបន្តទៀត ទោះបីជាជួបប្រទះការលំបាកក្នុងការចូលទៅដល់តំបន់ដាច់ស្រយាលមួយចំនួនដូចជា Syapru Besi និង Timure ដោយសារកម្ពស់ទឹកទន្លេហក់ឡើងខ្ពស់ក៏ដោយ៕