Connect with us

Hi, what are you looking for?

ពិភពលោក

ជំនន់ទឹកភ្លៀង សម្លាប់មនុស្ស ១៨នាក់ នៅភាគខាងត្បូង និងកណ្តាលប្រទេសចិន

អាជ្ញាធរចិនបានប្រកាសនៅថ្ងៃអង្គារថា ភ្លៀងធ្លាក់យ៉ាងខ្លាំង និងគ្រោះទឹកជំនន់នៅទូទាំងភាគខាងត្បូង និងភាគកណ្តាលប្រទេសចិន បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៨នាក់បាត់បង់ជីវិត និងបង្ខំឱ្យបិទសាលារៀន អាជីវកម្ម ព្រមទាំងរំខានដល់ប្រព័ន្ធដឹកជញ្ជូន និងការផ្គត់ផ្គង់អគ្គិសនីយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV ករណីស្លាប់ទាំងនោះរួមមាន មនុស្ស ១០នាក់បានស្លាប់បន្ទាប់ពីរថយន្តដឹកកម្មករកសិកម្មធ្លាក់ចូលទៅក្នុងទន្លេនៅតំបន់ក្វាងស៊ី (Guangxi) ៤នាក់នៅខេត្តគួយចូវ (Guizhou) ៣នាក់នៅខេត្តហ៊ូប៉ី (Hubei) និងម្នាក់ទៀតនៅខេត្តហ៊ូណាន (Hunan)។ ដោយឡែក រូបភាពលើបណ្តាញសង្គមបានបង្ហាញពីស្ថានភាពទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅទីក្រុងជីងចូវ (Jingzhou) ខេត្តហ៊ូប៉ី ដោយទឹកបានជន់លិចរថយន្តស្ទើរតែទាំងស្រុង ហើយប្រជាពលរដ្ឋខ្លះអាចចាប់ត្រីបាននៅតាមដងផ្លូវថែមទៀតផង។

ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយនេះ រដ្ឋាភិបាលចិនបានទម្លាក់កញ្ចប់ថវិកាសង្គ្រោះបន្ទាន់ចំនួន ១៥០លានយាន់ (ប្រមាណ ២២,០៤លានដុល្លារអាមេរិក) និងកំពុងជម្លៀសប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះ។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារអាកាសធាតុចិន ក៏បានចេញការព្រមានពីហានិភ័យខ្ពស់នៃការបាក់ដី និងទឹកជំនន់ភ្លាមៗ នៅក្នុងខេត្ត និងតំបន់ចំនួន៨ ផ្សេងទៀត ដែលតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត៕

 

អត្ថបទចាប់អារម្មណ៍ច្រើន