ពោធិ៍សាត់៖ ទោះបីជាមានការព្រមព្រៀងលើបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅក៏ដោយ ក៏យោធាថៃនៅតែបន្តធ្វើសកម្មភាពរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹកដីរបស់កម្ពុជា ដែលទង្វើនេះបានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជាចេញមុខប្រកាសប្រឆាំងយ៉ាងដាច់អហង្ការ។
យោងតាមប្រភពព័ត៌មានពី ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានឱ្យដឹងថា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ កងកម្លាំងថៃបានធ្វើការដាក់ទូកុងតឺន័រ រាយបន្លាលួស និងលើកទង់ជាតិរបស់ខ្លួននៅតំបន់ថ្មដា ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាសកម្មភាពកែប្រែស្ថានភាពដើមលើដីជាក់ស្តែង។
ក្រៅពីតំបន់ថ្មដា យោធាថៃក៏បានបន្តរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរនៅតាមទីតាំងយុទ្ធសាស្ត្រជាច្រើនទៀតរបស់កម្ពុជា រួមមាន៖ តំបន់បឹងត្រកួន, ភូមិជោគជ័យ, ភូមិព្រៃចាន់, តំបន់ប្រាសាទបុរាណមួយចំនួន ដែលជាបេតិកភណ្ឌវប្បធម៌ និងសាសនារបស់កម្ពុជា។
ទាហានថៃត្រូវបានរាយការណ៍ថា បានបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍ រៀបចំពិធីសាសនា ព្រមទាំងបំផ្លាញ និងជំនួសរូបសំណាកសាសនាផ្សេងៗនៅក្នុងតំបន់ប្រាសាទទាំងនោះ ទោះបីជាមានការតវ៉ាជាផ្លូវការជាបន្តបន្ទាប់ពីភាគីកម្ពុជាយ៉ាងណាក៏ដោយ។
រាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់យ៉ាងច្បាស់ថា មិនទទួលស្គាល់ជាដាច់ខាតនូវរាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនតាមរយៈការប្រើប្រាស់កម្លាំង ឬសកម្មភាពឯកតោភាគីណាមួយឡើយ។ កម្ពុជាបានថ្កោលទោស និងតវ៉ាជាផ្លូវការ ព្រមទាំងអំពាវនាវឱ្យភាគីថៃគោរពច្បាប់អន្តរជាតិ និងបូរណភាពទឹកដី ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះ កម្ពុជានៅតែប្រកាន់ខ្ជាប់នូវស្មារតីសន្តិវិធី ដោយគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវ៖
1. សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
2. សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
គួរបញ្ជាក់ផងដែរថា ក្រោមការសម្របសម្រួលពីក្រសួងព័ត៌មាន ក្រុមអ្នកសារព័ត៌មានជាតិជាច្រើនអង្គភាពបានចុះទៅដល់ទីតាំងជាក់ស្តែងនៅក្នុងឃុំថ្មដា ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីផ្តិតយករូបភាព និងប្រមូលព័ត៌មានជុំវិញករណីរំលោភបំពាននេះ៕
