នាថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ តម្លៃប្រេងឆៅបានធ្លាក់ចុះ ដោយសារតែមានសុទិដ្ឋិនិយម ជុំវិញលទ្ធភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ បើទោះបីជានៅខ្វែងគំនិតគ្នាខ្លះ រួមទាំងបញ្ហាបិទខ្ទប់ច្រកសមុទ្រ Hormuz ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់សារព័ត៌មាន CNA។
ក្នុងការជួញដូរនៅអាស៉ី នាព្រឹកថ្ងៃចន្ទនេះ តម្លៃប្រេងធ្លាក់ចុះប្រហែល ៥ភាគរយ។ ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះមកនៅត្រឹមតម្លៃជាង ៩៨ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះមកនៅត្រឹមតម្លៃជាង ៩១ដុល្លារក្នុងមួយបារ៉ែល។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីចុងសប្តាហ៍កន្លទៅថា អាមេរិក និងអ៉ីរ៉ង់ មានការចរចារយ៉ាងទូលំទូលាយលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលនឹងនាំទៅដល់ការបើកច្រកសមុទ្រ Hormuz ឡើងវិញ។ យ៉ាងនេះក្តី ភាគីទាំងពីរនៅតែមានជម្លោះលើបញ្ហាលំបាកមួយចំនួន ដោយលោក ត្រាំ ក៏បានប្រាប់អ្នកតំណាងរបស់លោក ថាកុំឱ្យប្រញាប់ប្រញាល់សម្រេចកិច្ចព្រមព្រៀងណាមួយ ជាមួយអ៉ីរ៉ង់ផងដែរ៕
