Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ចិនផ្តល់រថក្រោះដល់កម្ពុជាជិត ១០០គ្រឿង ខណៈភាគីថៃកំពុងឃ្លាំមើល

ភ្នំពេញ — មន្ត្រីយោធាចិនបានបង្ហើបឱ្យដឹងថា ទីក្រុងប៉េកាំងនឹងត្រូវប្រគល់រថក្រោះប្រយុទ្ធចំនួន ៩៣គ្រឿង ដល់ប្រទេសកម្ពុជា ដែលនេះជាផ្នែកមួយនៃកម្មវិធីជំនួយយោធារយៈពេលវែងរបស់ប្រទេសចិនមកកាន់កម្ពុជា ដើម្បីពង្រឹងសមត្ថភាពការពារជាតិ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer កាលពីថ្ងៃអង្គារ ដោយផ្អែកលើការស្រង់សម្តីរបស់អនុព័ន្ធការពារជាតិចិនប្រចាំប្រទេសថៃ បានឱ្យដឹងថា រថក្រោះម៉ូដែល T-59D ចំនួន ៣៩គ្រឿងដំបូង ត្រូវបានដឹកជញ្ជូនមកដល់កំពង់ផែស្វយ័តខេត្តព្រះសីហនុ ប្រទេសកម្ពុជារួចរាល់ហើយ។ ការប្រគល់ដំណាក់កាលដំបូងនេះ ស្ថិតនៅក្នុងចំណោមរថក្រោះសរុបចំនួន ៩៣គ្រឿង ដែលរដ្ឋាភិបាលទីក្រុងប៉េកាំងបានប្តេជ្ញាផ្តល់ជូនភាគីកម្ពុជា។

រថក្រោះ T-59D មានបំពាក់ដោយកាំភ្លើងធំទំហំ ១០៥ មីលីម៉ែត្រ (អាចផ្ទុកគ្រាប់បានសរុបចំនួន ៣៤ គ្រាប់)។ វាមានសមត្ថភាពអាចបាញ់ទម្លុះពាសដែកកម្រាស់ ៦០០ មីលីម៉ែត្រ ក្នុងចម្ងាយ ២ គីឡូម៉ែត្រ។ បន្ថែមពីនេះ វាក៏មានសមត្ថភាពអាចបាញ់មីសីលប្រឆាំងរថក្រោះ និងអាចបាញ់កម្ទេចឧទ្ធម្ភាគចក្រថែមទៀតផង។

ភ្លាមៗបន្ទាប់ពីមានការដឹកជញ្ជូនគ្រឿងយុទ្ធភណ្ឌទាំងនេះ ភាគីថៃបានបង្ហាញជំហរតាមដានយ៉ាងយកចិត្តទុកដាក់។ ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរៈកុល បានថ្លែងលើកឡើងថា ស្ថានភាពនេះគ្មានអ្វីដែលត្រូវព្រួយបារម្ភនោះទេ ដោយសារតែកងទ័ពភូមិន្ទថៃបានត្រៀមខ្លួនរួចរាល់ក្នុងការឆ្លើយតបគ្រប់កាលៈទេសៈ។

ស្របពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក អាឌុល ប៊ុនថាំឆារើន (Adul Boonthamcharoen) បានធ្វើការកត់សម្គាល់ថា រថក្រោះដែលកម្ពុជាទទួលបានទាំងនោះ គឺជារថក្រោះម៉ូដែលចាស់ៗដែលភាគីចិនបានយកទៅជួសជុល និងកែច្នៃឡើងវិញតែប៉ុណ្ណោះ។ លោកបន្ថែមថា មកទល់ពេលនេះ យុទ្ធភណ្ឌទាំងនោះមិនទាន់ត្រូវបានចល័ត ឬផ្លាស់ទីទៅកាន់តំបន់ព្រំដែននៅឡើយទេ ប៉ុន្តែទោះជាយ៉ាងណា ប្រទេសថៃនឹងនៅតែបន្តឃ្លាំមើលការចល័តទ័ព និងគ្រឿងយុទ្ធភណ្ឌរបស់កម្ពុជាដោយមិនធ្វេសប្រហែសឡើយ។

កាលពីឆ្នាំ២០២៥ ជម្លោះព្រំដែនដ៏តានតឹងរវាងកម្ពុជា និងថៃ បានផ្ទុះឡើង ដោយបានឆក់យកជីវិតមនុស្សអស់ជាង ១០០ នាក់ និងបង្ខំឱ្យប្រជាពលរដ្ឋរាប់សែននាក់ត្រូវជម្លៀសចេញពីលំនៅដ្ឋានដើម្បីសុវត្ថិភាព។ វិបត្តិនេះបានធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសជិតខាងទាំងពីរធ្លាក់ចុះយ៉ាងគំហុក ហើយច្រកទ្វារព្រំដែនគោកដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ត្រូវបានបិទរាំងខ្ទប់ដោយមិនមានកាលកំណត់រហូតមកដល់ពេលនេះ៕

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន