អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក (Facebook) និងអ៊ីនស្តាក្រាម (Instagram) នៅជុំវិញពិភពលោក រួមទាំងនៅក្នុងតំបន់អាស៊ីផងដែរ បានរាយការណ៍ពីបញ្ហាមិនអាចចូលប្រើប្រាស់គណនី និងកម្មវិធីទាំងនេះបាន កាលពីយប់ថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦។
តាមបណ្តាញសង្គម X លោក Andy Stone អ្នកនាំពាក្យក្រុមហ៊ុន Meta បានបង្ហោះសារទទួលស្គាល់បញ្ហានេះថា៖
«យើងបានដឹងថាមនុស្សមួយចំនួនកំពុងមានបញ្ហាក្នុងការចូលប្រើប្រាស់សេវាកម្មរបស់យើង។ ពេលនេះយើងកំពុងញាប់ដៃញាប់ជើងដោះស្រាយវាហើយ»។
ផ្អែកតាមគេហទំព័រតាមដានការរអាក់រអួល Downdetector.com បានឱ្យដឹងថា របាយការណ៍ធ្លាក់ចុះនៃប្រព័ន្ធបានកើនឡើងយ៉ាងគំហុក ដោយមានការរាយការណ៍បញ្ហាជាង ៦២,០០០ ករណីពីអ្នកប្រើប្រាស់ Facebook និងជាង ៨,០០០ ករណីពីអ្នកប្រើប្រាស់ Instagram។
អ្នកប្រើប្រាស់ដែលរងផលប៉ះពាល់ភាគច្រើន បានជួបប្រទះនូវបញ្ហាដូចជា៖
– មិនអាចផ្ទុកទំព័រដើម (Feeds) ឬផ្ញើសារបាន។
– ប្រព័ន្ធបង្ហាញសារព្រមានថា «មានបញ្ហាអ្វីមួយខុសប្រក្រតី» (Something went wrong)។
– គណនីត្រូវបានកាត់ផ្តាច់ (Log out) ដោយស្វ័យប្រវត្ត និងមិនអាចចូលវិញបាន។
បណ្តាប្រទេសដែលរាយការណ៍ថាមានការរអាក់រអួលខ្លាំង រួមមាន សិង្ហបុរី ហ្វីលីពីន ឥណ្ឌា អូស្ត្រាលី កាណាដា និងសហរដ្ឋអាមេរិក។ ចំណែកឯអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ក៏បានកត់សម្គាល់ឃើញពីភាពយឺតយ៉ាវ និងការមិនដំណើរការនៃកម្មវិធី Messenger និង Facebook មួយចំនួនផងដែរកាលពីយប់មិញ។
ការរអាក់រអួលជាសកលនេះ បានបន្ថែមទៅលើបញ្ហាបច្ចេកទេសជាបន្តបន្ទាប់ដែលបានកើតឡើងលើក្រុមហ៊ុន Meta នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីខែមីនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ Facebook និង Instagram ក៏ធ្លាប់បានគាំង និងមិនអាចឱ្យអ្នកប្រើប្រាស់ចូលទៅកាន់គណនីរបស់ពួកគេបានអស់រយៈពេលជាច្រើនម៉ោងម្តងរួចមកហើយ។
គិតមកទល់ពេលនេះ ក្រុមហ៊ុន Meta មិនទាន់បានបញ្ជាក់លម្អិតអំពីមូលហេតុពិតប្រាកដដែលបណ្តាលឱ្យមានការគាំងប្រព័ន្ធទ្រង់ទ្រាយធំនេះនៅឡើយទេ៕
