Connect with us

Hi, what are you looking for?

ពិភពលោក

អ្នកកាសែត១០៤នាក់ ត្រូវបានសម្លាប់ក្នុងឆ្នាំ២០២៤

សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ ហៅកាត់ថា IFJ បានរាយការណ៍ថា ឆ្នាំ២០២៤ គឺជាឆ្នាំដ៏គ្រោះថ្នាក់បំផុតសម្រាប់អ្នកសារព័ត៌មាន ដោយមានអ្នកស្លាប់ចំនួន១០៤នាក់នៅទូទាំងពិភពលោក ក្នុងនោះជាងពាក់កណ្តាលស្ថិតនៅក្នុងតំបន់ហ្កាហ្សា។

ចំនួនអ្នកស្លាប់សម្រាប់ឆ្នាំ២០២៤ បានធ្លាក់ចុះបើធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន១២៩នាក់ ប៉ុន្តែវានៅតែជាតួលេខខ្ពស់បំផុតមួយនៅក្នុងកំណត់ត្រា នេះបើតាមប្រធាន IFJ លោក អាន់ថូនី ប៊ែលឡាំងហ្គឺ (Anthony Bellanger)។ យោងតាមតួលេខដែលប្រមូលផ្តុំដោយក្រុមសារព័ត៌មាន បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន៥៥នាក់ ត្រូវបានសម្លាប់ក្នុងឆ្នាំ២០២៤ ក្នុងការប្រឈមមុខនឹងការវាយលុករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ បានបង្ហាញថា៖«ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣ យ៉ាងហោចណាស់អ្នកកាសែតប៉ាឡេស្ទីនចំនួន១៣៨នាក់ត្រូវបានសម្លាប់»។ លោក ប៊ែលឡាំងហ្គឺ បានថ្កោលទោសការសម្លាប់រង្គាលនៅហ្កាហ្សា ដោយអះអាងថា អ្នកកាសែតជាច្រើនត្រូវបានគេកំណត់គោលដៅនៅក្នុងតំបន់ហ្កាហ្សាដោយចេតនា។

អាស៊ីគឺជាតំបន់គ្រោះថ្នាក់បំផុតទីពីរសម្រាប់អ្នកកាសែត ដោយមានអ្នកស្លាប់ចំនួន២០នាក់ ក្នុងនោះមាន៦ នាក់នៅក្នុងប្រទេសប៉ាគីស្ថាន, ៥នាក់នៅបង់ក្លាដែស និង៣នាក់នៅក្នុងប្រទេសឥណ្ឌា។ នៅទ្វីបអឺរ៉ុប សង្រ្គាមនៅអ៊ុយក្រែន បានបន្តសម្លាប់អ្នកកាសែត ដោយ៤នាក់ត្រូវបានសម្លាប់ក្នុងឆ្នាំ២០២៤។ IFJ ក៏បានរាយការណ៍ផងដែរថា អ្នកកាសែតចំនួន៥២០នាក់កំពុងជាប់ពន្ធនាគារនៅទូទាំងពិភពលោក ដែលជាការកើនឡើងយ៉ាងខ្លាំងទៅលើអ្នកកាសែតចំនួន៤២៧នាក់ ត្រូវបានឃុំខ្លួនកាលពីឆ្នាំមុន។ ចិនបានជាប់ចំណាត់ថ្នាក់កំពូលជាប្រទេសឃុំឃាំងអ្នកកាសែតច្រើនបំផុត ដោយអ្នកកាសែត១៣៥នាក់ត្រូវបានឃុំខ្លួន រួមទាំងនៅទីក្រុងហុងកុង៕

អត្ថបទចាប់អារម្មណ៍ច្រើន