Connect with us

ពិភពលោក

រលកដ៏ធំកម្ពស់ ៤ម៉ែត្រ ឆក់យកជីវិតមនុស្ស៣នាក់

Published

on

មនុស្សបីនាក់បានស្លាប់ ខណៈដែល រលកដ៏ធំកម្ពស់ ៤ម៉ែត្រ បានវាយប្រហារប្រទេសប៉េរូ អេក្វាទ័រ និងឈីលី ក្បែរៗគ្នា កាលពីចុងសប្តាហ៍។ លោក Jorge Carillo លេខាធិការគ្រប់គ្រងហានិភ័យរបស់ប្រទេសអេក្វាទ័រ បានប្រាប់សន្និសីទសារព័ត៌មានថា នេះគឺជាព្រឹត្តិការណ៍ធ្ងន់ធ្ងរ ហើយបានព្រមានថា បាតុភូតស្រដៀងគ្នានេះ អាចនឹងមានទៀត នាពេលអនាគត។ លោកបានបន្ថែមថា «ជាអកុសល យើងមានអ្នកស្លាប់ពីរនាក់» នៅក្នុងតំបន់ Manta ភាគនិរតី ប្រទេស។

កងទ័ពជើងទឹករបស់ប្រទេសនេះបាននិយាយថា បុរស អាយុ៣០ឆ្នាំម្នាក់ទៀត បានស្លាប់ នៅក្នុងប្រទេសស៊ីលី។ នៅក្នុងប្រទេសប៉េរូ ពុំមានមនុស្សស្លាប់ទេ ប៉ុន្តែ កំពង់ផែស្ទើរតែទាំងអស់ ត្រូវបានបិទ ដោយសារតែរលកបោកបក់ ឥតឈប់ឈរ នេះបើតាមប្រធាននាយកដ្ឋានមហាសមុទ្រកងទ័ពជើងទឹក លោក Enrique Varea បានប្រាប់ទូរទស្សន៍ Canal N។

លោកបានព្យាករណ៍ថា រលកធំៗ «នឹងបន្តមាន នៅប៉ុន្មានថ្ងៃខាងមុខ ប៉ុន្តែរំពឹងថា ពួកវានឹងស្ងប់ស្ងាត់បន្តិច ចាប់ពីថ្ងៃច័ន្ទ ហើយនឹងវិលមករកភាពធម្មតាវិញ នៅក្នុងថ្ងៃដំបូង នៃខែមករា។ អាជ្ញាធរបាននិយាយថា ឆ្នេរជាច្រើន នៅតាមបណ្តោយ ភាគកណ្តាល និងភាគខាងជើង នៃប្រទេសប៉េរូ ត្រូវបានបិទ ដើម្បីទុបស្កាត់ហានិភ័យ ដល់អាយុជីវិតមនុស្ស។ ទូកនេសាទជាច្រើនត្រូវបានខូចខាត ខណៈដែលទូកដែលនៅសេសសល់នៅតែមិនអាចចរចរណ៍ ក្នុងស្ថានភាពគ្រោះថ្នាក់។

អ្នកនេសាទម្នាក់បានប្រាប់ទូរទស្សន៍ប៉េរូថា «យើងត្រូវការជំនួយពីអាជ្ញាធរ។ នៅទីនេះ យើងបានបាត់បង់ទូកប្រហែល១០០គ្រឿង»។ អ្នកនេសាទចំនួន ៣១នាក់ បានជាប់គាំង ហើយត្រូវបានជួយសង្គ្រោះ នៅរសៀល ថ្ងៃសៅរ៍ ដោយកងទ័ពជើងទឹក ខណៈដែលម្នាក់បានប្រាប់វិទ្យុ ក្នុងស្រុកថា ប្រហែល មនុស្ស ១៨០នាក់ទៀត នៅតែស្ថិតលើសមុទ្រ។

បាតុភូតនេះបានចាប់ផ្តើម នៅថ្ងៃបុណ្យណូអែល ហើយនឹងមានរយៈពេល រហូតដល់ថ្ងៃទី១ ខែមករា នេះបើយោងតាមមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ជាតិ របស់ប្រទេសប៉េរូ៕

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2026
ព្រ សុ អា
 123
45678910
11121314151617
18192021222324
25262728293031