Connect with us

ពិភពលោក

លិចនាវាដឹកប្រេងរុស្ស៊ី បង្កឲ្យងាប់ថនិកសត្វសមុទ្រ រាប់សិបក្បាលងាប់

Published

on

មជ្ឈមណ្ឌលជួយសង្គ្រោះសត្វផ្សោត បាននិយាយ កាលពីថ្ងៃអាទិត្យថា ថនិកសត្វសមុទ្ររាប់សិបក្បាល ត្រូវបានគេរកឃើញថា បានងាប់ ចាប់តាំងពីការធ្លាយប្រេង ចេញពីនាវាដឹកប្រេងរុស្ស៊ី ដែលបានលិច នៅក្នុងសមុទ្រខ្មៅ កាលពីខែមុន។

ការកំពប់ប្រេង បានចាប់ផ្តើមមាន នៅថ្ងៃទី១៥ ខែធ្នូ ពោលគឺក្នុងពេលដែលនាវាដឹកប្រេង វ័យចំណាស់ ពីរគ្រឿង បានជាប់គាំងក្នុងខ្យល់ព្យុះ នៅច្រកសមុទ្រ Kerch ដែលភ្ជាប់តំបន់ Crimea ទៅភាគខាងត្បូង នៃប្រទេសរុស្ស៊ី។

អាជ្ញាធរប៉ាន់ប្រមាណថា នាវាមួយគ្រឿងបានលិច ដោយបានចាក់បង្ហូរប្រេងឥន្ធនៈ ប្រហែល២,៤០០តោន ចូលទៅក្នុងទឹកសមុទ្រ នៅជុំវិញនោះ ខណៈដែលមួយគ្រឿងទៀត រងការខូតខាត ហើយនាំយក ទៅដីគោកវិញ។

មជ្ឈមណ្ឌល Delfa របស់រុស្ស៊ី ដែលជួយសង្គ្រោះ និងស្តារឡើងវិញនូវសត្វផ្សោត បាននិយាយថា ខ្លួនបានកត់ត្រាសត្វ Cetaceans ចំនួន៦១ក្បាល បានងាប់ ចាប់តាំងពីមានឧបទ្ទវហេតុនេះ។ Cetaceans គឺជាប្រភេទថនិកសត្វ នៅក្នុងទឹក ដែលរួមមាន ដូចជា ត្រីបាឡែន ផ្សោត ជាដើម។

Delfa បាននិយាយ នៅលើ Telegram ថា «ដោយវិនិច្ឆ័យសាកសពភាគច្រើន នៃថនិកសត្វ Cetaceans ទាំងនេះ គឺបានងាប់ក្នុងរយៈពេល ១០ថ្ងៃដំបូង បន្ទាប់ពីកើតមានគ្រោះមហន្តរាយ»។ ប្រភពបន្តថា ភាគច្រើន នៃថនិកសត្វសមុទ្រ ដែលងាប់ គឺជាសត្វផ្សោត Azov។

យ៉ាងណាមិញ ក្រសួងគ្រាអាសន្ន របស់រុស្ស៊ី បាននិយាយ កាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងធ្វើការសម្អាត បន្ទាប់ពីឧបទ្ទវហេតុនេះ ប៉ុន្តែថា ខ្យល់បក់ខ្លាំង និងរលក បានជះប្រេង ទៅលើឆ្នេរមួយចំនួន។ ប្រភពបញ្ជាក់ថា ច្រើនជាង៦៨គីឡូម៉ែត្រ នៃឆ្នេរសមុទ្រ ត្រូវបានសម្អាត រួចរាល់៕

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2026
ព្រ សុ អា
 123
45678910
11121314151617
18192021222324
25262728293031