Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អ្នកកាសែតអនឡាញ២នាក់ត្រូវចាប់ខ្លួន ក្រោយ​ប្រឌិតវីដេអូធ្វើ​ឱ្យ​ប៉ះពាល់ដល់មុខមាត់ប្រទេស

អ្នកសារព័ត៌មានអនឡាញចំនួន២នាក់ ត្រូវ​បានកម្លាំង​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីពួកគេ​បានធ្វើការ​ផ្សព្វផ្សាយ​នូវ​វីដេអូ ដោយថា មានការ​បើក​បនល្បែងខុសច្បាប់ ដោយ​មានការធ្វើទារុណកម្មថែមទៀត ដែលបានធ្វើ​ឱ្យ​ប៉ះពាល់ដល់មុខមាត់ប្រទេស​ជាតិ។

អ្នកកាសែតទាំងពីរនាក់នោះ​ ត្រូវគេ​ដឹងថា ទី១ ឈ្មោះ ដួង អក្ខរា ចាងហ្វាងអង្គភាព S.A TVHD ONLINE និងជាប្រធានសមាគមសហគ្រិនសារព័ត៌មានដើម្បីការអភិវឌ្ឍន៍ និង ទី២ ឈ្មោះ ឡាយ សុជាតិ ចាងហ្វាងការផ្សាយគេហទំព័រ Cambodiastardailynews។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ថា ការចាប់ខ្លួននេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បន្តថា បុគ្គលអ្នកសារព័ត៌មានទាំង២នាក់នេះ បានកាត់តវីដេអូ នៃការប្រើប្រាស់អំពើហិង្សាមួយ ហើយចែកចាយនៅតាមបណ្ដាញសង្គម និងចោទប្រកាន់ខុសពីការពិតថា «ករណីហិង្សានោះបានកើតឡើងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈដែលវីដេអូនោះបានកើតឡើងនៅឯបរទេស និងមិនមានប្រភពដើមនៃការចែកចាយច្បាស់លាស់ឡើយ»។

លោកស្នងការបានបញ្ជាក់ទៀតថា ការប្រឌិតព័ត៌មានខុសពីការពិត នៃសកម្មភាពអំពើហិង្សាធ្វើទារុណកម្មនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងកេរ្ដិ៍របស់ប្រទេសកម្ពុជា ដែលមិនអាចអត់ឱនឱ្យ​បាន ហើយកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជួនខ្លួនបុគ្គលទាំង២នាក់នេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

គួរជម្រាបថា វីដេអូនៃការប្រើប្រាស់អំពើហិង្សា ដោយបុរសម្នាក់ត្រូវបានចាប់ខ្លួន គេដាក់ខ្នោះដៃឱបជាប់បង្គោលដែក ហើយមានបុរសម្នាក់ទៀតប្រដាប់ដោយដំបងបានវាយដំទៅលើជនរងគ្រោះ ត្រូវបានគេចែកចាយនៅតាមបណ្ដាញសង្គមនោះ គឺមិនមែនកើតឡើងនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺជាវីដេអូដែលកើតឡើងនៅបរទេស ហើយក៏មិនមានប្រភពណាដែលអាចបញ្ជាក់ច្បាស់លាស់ថា នៅប្រទេសណានោះទេ៕

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន

បច្ចេកវិទ្យា

ក្រុមហ៊ុន Apple ត្រូវបាន...