កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទើបតែបង្ក្រាបបានករណីចាប់នារីៗញាត់ចូលវ៉ាលី ដើម្បីជំរិតទារប្រាក់បង្កដោយជនជាតិចិន, ក្នុងនោះឧក្រិដ្ឋជនចំនួន២នាក់ ត្រូវបានចាប់ខ្លួន និងសង្គ្រោះជនរងគ្រោះបានម្នាក់។
បើតាមសមត្ថកិច្ច ករណីចាប់ជំរិតមនុស្សដោយដាក់ក្នុងវ៉ាលីនេះ បានកើតឡើងកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចសណ្ឋាគារ នួ ឌី ស៊ី សង្កាត់ទឹងថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយជនរងគ្រោះឈ្មោះ HO THI LUONG ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម ត្រូវបានគេដាក់ចូលទៅក្នុងវ៉ាលី ដើម្បីជំរិតទារប្រាក់ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណចំនួន០១ក្រុមជាជនជាតិចិន។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងខណ្ឌបឹងកេងកង បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ដោយកម្លាំងជំនាញបានជួយសង្គ្រោះជនរងគ្រោះបានចំនួនម្នាក់ ឈ្មោះ ZHAO KANG LI ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិចិន។ ជាមួយគ្នានេះ កម្លាំងជំនាញក៏បានចាប់ខ្លួនក្រុមជនសង្ស័យចំនួន២នាក់ រួមមាន ទី១ ឈ្មោះ JIAO YOUKE អាយុ២៧ឆ្នាំ ជនជាតិចិន និងទី២ ឈ្មោះ ZHENG NAIWEN អាយុ៣៧ឆ្នាំ ជនជាតិចិន នៅត្រង់ចំណុចបុរីពិភពថ្មីកួរស្រូវ៣ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

–
ជនសង្ស័យខាងលើបានសារភាពថា ពួកខ្លួនដែលចូលរួមធ្វើសកម្មភាពមានគ្នា ចំនួន៣នាក់ ដោយបានធ្វើសកម្មភាពចាប់ស្រ្តីជនជាតិចិន និងវៀតណាម ដាក់ចូលទីក្នុងវ៉ាលី ដើម្បីជំរិតទារប្រាក់ចំនួន៦ករណី មកហើយ។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមធ្វើការក្រើនរំលឹក និងអំពាវនាវឲ្យបណ្ដាផ្ទះសំណាក់ សណ្ឋាគារទាំងអស់ នៅពេលឃើញអ្នកអូសវ៉ាលីធំៗខុសប្រក្រតី សូមរាយការណ៍មកកាន់សមត្ថកិច្ចជាបន្ទាន់៕
