Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

លោក សុខ ទូច រិះគន់សមត្ថកិច្ចពិនិត្យជាតិអាល់កុល ដែល​គ្មានសីលធម៌

ប្រធានរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត សុខ ទូច តាមរយៈ​បណ្តាញសង្គម​នៅ​ថ្ងៃនេះ បានធ្វើ​ការ​រិះគន់​ខ្លាំងៗ​ចំពោះ​សមត្ថកិច្ច​ដែលបានអនុវត្ត​ការត្រួតពិនិត្យជាតិអាល់កុលមក​លើរូបលោក​ដោយ​ខ្វះ​សីលធម៌។

តាមរយៈ​បណ្តាញសង្គម លោកបណ្ឌិត សុខ ទូច បានសរសេរថា ក្រោយពីចុះស្រាវជ្រាវអស់រយ:ពេល៣ថ្ងៃ ដើរឡើងភ្នំផង បើកឡានផង មកដល់ភ្នំពេញយប់ទៅហើយ ប៉ុន្តែរីករាយណាស់បានទៅដល់ទីដៅដែលគ្រោងទុក និងបានណាត់អ្នកប្រវត្តិសាស្រ្តប្រជុំថ្ងៃស្អែក បន្ទាប់មកក៏បានចូលហូបបាយ និងបានហូបបីយ៉ែមួយកំប៉ុងប៉ុណ្ណោះដើម្បីរំសាយការហត់នឿយ ហូបរួចបានបើកឡានជូនមន្រ្តីដែលទៅជាមួយទៅយកម៉ូតូនៅកន្លែងធ្វើការ ទើបចេញដំណើរមកផ្ទះនៅបាសិត នៅតាមផ្លូវមកផ្ទះបានជួប ប៉ូលិសអនុវត្តន៍ច្បាប់ត្រួតពិនិត្យជាតិស្រវឹង។

លោកបណ្ឌិតបញ្ជាក់ថា ពួកគាត់បានឃាត់ឡាននឹងអោយខ្ញុំផ្លុំវាស់កំរិតជាតិអាល់កុល ខ្ញុំបានចុះទៅសហការ តែខ្ញុំស្នើសុំហែកទុយោថ្មី ព្រោះខ្ញុំខ្លាចដដែលរបស់អ្នកចាស់ឆ្លងរោគ ផ្ទុយទៅវិញគេកំហកថាហែងស្អីបានមកបញ្ជាកងកម្លាំង ខ្ញុំកំពុងតែហត់នឿយផងលឺបែបនេះខ្ញុំទប់មិនជាប់ក៏ឆេវឆាវកើតជារឿង តែក្រោយមកខ្ញុំសហការផ្លុំចំនួន៣ដង តែមិនឃើញកំរិតជាតិអាល់កុលដែលគេចង់បាន គេថាខ្ញុំផ្លុំមិនត្រឹមត្រូវ អោយខ្ញុំផ្លុំម្តងទៀត តែក្រោយនេះខ្ញុំលែងសហការ ខ្ញុំក៏បាននិយាយថាបើខ្ញុំខុសចង់ដាក់ខ្នោះខ្ញុំដាក់ទៅ កាយវិការច្រលោតព្រោះខ្ញុំខឹងណាស់ ហត់ណាស់ ខ្ញុំបានប្រាប់ថាខ្ញុំសុខទូច ទើបមកពីព្រំដែនទេ តែគេចោទខ្ញុំថាស្រវឹងជោគជាំ ប្រហែលឃើញភ្នែកខ្ញុំក្រហម ថ្ងៃនេះខ្ញុំដើរផង ខ្ញុំបើកឡានដោយខ្លួនឯងជាង៦០០គីឡូម៉ែត និងមានបញ្ហាភ្នែកស្ងួត លុបមុខញីភ្នែកជាច្រើនដង ហត់នឿយជាប់មិនមានបានសំរាក។

“មានប៉ូលីស ដៀលខ្ញុំធ្វើដល់បណ្ឌិតចារិកអីចឹង ខ្ញុំជាពលរដ្ឋម្នាក់បើខ្ញុំខុសខ្ញុំទទួលទោស បើខ្ញុំមិនបានទទួលទានដល់កំរិតដែលបង្កបញ្ហាផងតើអោយខ្ញុំផ្លុំរបៀបម៉េចទៀត? គេថតខ្ញុំបាន តែពេលខ្ញុំអោយគ្រួសារខ្ញុំថតវិញ គេមិនអោយថតទេ។ ខ្ញុំបានទុកឡាននៅទីនោះ រួចដើរមកផ្ទះ គ្រួសារខ្ញុំហៅកង់បីជិះបានបន្តិច ទើបដឹងថាផ្ទះខ្ញុំឆ្ងាយគេមិនដឹកទេ ក្រោយមកទើបមានកង់បីមួយទៀតព្រមដឹកមកផ្ទះ ព្រោះគេបានស្គាល់ខ្ញុំ មកដល់ផ្ទះគេសុំថតជាមួយខ្ញុំ។ ខ្ញុំថាមិនបង្ហោះទេ ប៉ុន្តែមកដល់ផ្ទះហើយដេកមិនលក់ ទើបរៀបរាប់ជាសាធារណ:បែបនេះ”។

ជាមួយនឹងការរិះគន់របស់លោកបណ្ឌិត សុខ ទូច នេះ នៅខាងក្រោម​ខំមិនរបស់លោក គេ​ក៏​ឃើញ​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ចេញ​មក​ធ្វើការគាំទ្រ ដោយ​ថា ពួកគាត់​ក៏​ធ្លាប់ជួបរឿងដូចជាលោកបណ្ឌិតដែរ ហើយ​ស្នើ​ឱ្យ​សមត្ថកិច្ច​ផ្លាស់ប្តូរ​ឥរិយាបទរបស់ខ្លួន។ យ៉ាងណាក៏ដោយចំពោះករណីនេះ គេនៅ​មិន​ទាន់​ឃើញមានការឆ្លើយតប​យ៉ាងណាពីសមត្ថកិច្ចនៅឡើយ​ទេ៕

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

កូរ៉េខាងជើង បានបាញ់សាកល្...