Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គូសរំលេចគោលបំណងសំខាន់ៗ នៃការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២-២៣ ខែមីនា ឆ្នាំ២០២៥ នៅខេត្តតាកែវ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងអនុប្រធាន សមាជិក សមាជិកានៃគណៈកម្មការអន្តរក្រសួង ព្រមទាំងមន្រ្តីជាន់ខ្ពស់ពីអង្គភាពផ្សេងៗ រួមមានអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាព លោកស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្តជាច្រើននាក់ផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តម ហួត ហាក់ បានគូសរំលេចអំពីគោលបំណងសំខាន់ៗចំនួន៣ នៃការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ៖

១. ជំរុញ លើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តតាមដងទន្លេ ៖ ការរៀបចំព្រឹត្តិការណ៍នេះ មានគោលបំណងលើកស្ទួយតម្លៃទេសចរណ៍នៅតាមដងទន្លេ និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់ខេត្តតាកែវ ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

២. គាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍតំបន់តាមដងទន្លេ ៖ ព្រឹត្តិការណ៍នេះ នឹងចូលរួមគាំទ្រយុទ្ធសាស្រ្តពិពិធកម្មទេសចរណ៍របស់រាជរដ្ឋាភិបាល តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ ដែលនឹងជំរុញការអភិវឌ្ឍតំបន់តាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា។

៣. បំផុសចលនាមហាជន និងគ្រប់ភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងការអភិរក្ស និងអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តរភាព ៖ ព្រឹត្តិការណ៍នេះ ក៏មានគោលបំណងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ ឱ្យចូលរួមក្នុងសកម្មភាពអភិរក្ស និងអភិវឌ្ឍធនធានទន្លេឱ្យប្រកបដោយនិរន្តរភាព ព្រមទាំងលើកកម្ពស់សោភណភាព និងអនាម័យបរិស្ថានទីក្រុង និងសហគមន៍ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។

ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ នឹងប្រព្រឹត្តទៅពីថ្ងៃទី២១ ដល់ទី២៣ ខែមីនា ឆ្នាំ២០២៥ នៅខេត្តតាកែវ ដែលនឹងជាឱកាសល្អសម្រាប់ការលើកស្ទួយទេសចរណ៍ និងការអភិវឌ្ឍសហគមន៍តាមដងទន្លេ៕

អត្ថបទចាប់អារម្មណ៍ច្រើន