Connect with us

ពិភពលោក

ប្រជាជនជាង ៥ម៉ឺននាក់ ជម្លៀសខ្លួនចេញ ដោយសារភ្លើងឆេះព្រៃ នៅតួកគី

Published

on

ភ្លើងឆេះព្រៃដ៏កំណាចជាបន្តបន្ទាប់ បានលេបត្របាក់ផ្ទះសម្បែង និងដុតកំឡោចហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតរបស់ប្រជាជនតួកគី។ ក្នុងនោះ ឆេះផ្ទះអស់ ២០ខ្នង មនុស្សជាង ៧០នាក់ប៉ះពាល់សុខភាពតិចតួច និងមិនមានអ្នកស្លាប់ទេ។

ស្របពេលជាមួយគ្នានេះ ក្រុមសង្គ្រោះបានជម្លៀសមនុស្សជាង ៥០.០០០នាក់ទៅកាន់តំបន់មានសុវត្ថិភាពជាបណ្តោះអាសន្ន រីឯក្រុមអ្នកពន្លត់អគ្គីភ័យក៏កំពុងដុតដៃដុតជើងពន្លត់អណ្តាតភ្លើង។

ទីភ្នាក់ងារទប់ស្កាត់គ្រោះមហន្តរាយ ហៅកាត់ AFAD បាននិយាយកាលពីថ្ងៃចន្ទថា ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនេះ កើតឡើងចាប់តាំងពីថ្ងៃអាទិត្យនៅតំបន់ Seferihisar ជាតំបន់សម្បូរព្រៃឈើមានចម្ងាយ ៥០គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងរមណីយដ្ឋាន Izmir។

ក្រោយមក វាបានឆាបឆេះរីករាលដាលយ៉ាងឆាប់រហ័ស ដោយសារមានការជំរុញពីខ្យល់បក់បោកខ្លាំងក្នុងល្បឿន ១២០គីឡូម៉ែត្រក្នុងមួយម៉ោង។

រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់តួកគី លោក Ibrahim Yumakli បានប្រាប់អ្នកយកព័ត៌មានកាលពីរសៀលថ្ងៃចន្ទថា ក្រុមសង្គ្រោះជាង ១.០០០នាក់ត្រូវបានដាក់ពង្រាយពន្លត់ភ្លើងឆេះព្រៃ រួមជាមួយយន្តហោះចំនួន ៤គ្រឿង ឧទ្ធម្ភាគចក្រ ១៤គ្រឿង និងឡានពន្លត់អគ្គីភ័យចំនួន ១០៦គ្រឿង។

យោងតាមក្រសួងកសិកម្ម ចាប់តាំងពីថ្ងៃសុក្រមក ភ្លើងឆេះព្រៃចំនួន ២៦៣កន្លែងបានឆាបឆេះនៅទូទាំងប្រទេសតួកគី ក្នុងនោះ ២៥៩កន្លែងត្រូវបានគ្រប់គ្រង ខណៈកិច្ចខិតខំប្រឹងប្រែងកំពុងបន្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃចំនួន ៤កន្លែងទៀតដែលនៅសល់។

ហើយគិតមកទល់ពេលនេះ ភ្លើងឆេះព្រៃបានលេបត្របាក់អស់ផ្ទៃដីជិត ១៩.០០០ហិកតាហើយនៅទូទាំងប្រទេសតួគីនៅក្នុងឆ្នាំ២០២៥ នេះបើយោងតាមគេហទំព័ររបស់ប្រព័ន្ធព័ត៌មានភ្លើងឆេះព្រៃអឺរ៉ុប ហៅកាត់ (EFFIS)៕

ប្រភព៖ Apsara TV11

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2026
ព្រ សុ អា
 123
45678910
11121314151617
18192021222324
25262728293031