ឧត្តរមានជ័យ — នៅថ្ងៃទី១ ខែសីហា ២០២៥ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេស លោក ប្រាក់ សុខុន បានដឹកនាំឯកអគ្គរដ្ឋទូត ២២ប្រទេស និងតំណាងអង្គការអន្តរជាតិ ៤រូប ចុះពិនិត្យការអនុវត្តបទឈប់បាញ់នៅតាមបណ្តាព្រំដែនកម្ពុជា-ថៃ ខេត្តឧត្តរមានជ័យ។
កន្លែងដែលបានចុះត្រួតពិនិត្យគឺស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល ជាតំបន់ដែលធ្លាប់មានការប្រយុទ្ធ ៥ថ្ងៃ នៅជិតប្រាសាទតាមាន់ ប្រាសាទតាក្របី និងថ្មដូនជាដើម។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់នូវបទឈប់បាញ់ ការដោះស្រាយវិវាទដោយសន្តិវិធី និងការការពារអធិបតេយ្យជាតិតាមច្បាប់អន្តរជាតិ។
គណៈប្រតិភូបានទៅពិនិត្យកន្លែងដែលយន្តហោះ F-16 របស់ថៃ បានទម្លាក់គ្រាប់បែក MK-84 ដែលមិនទាន់ផ្ទុះ និងបានដឹកនាំគណប្រតិភូទៅពិនិត្យវត្តតាមាន់សែនជ័យ ជាកន្លែងកងទ័ពថៃបានទម្លាក់គ្រាប់បែកដោយយន្តហោះ F-16 ដែលបណ្តាលឱ្យតាអាចារ្យម្នាក់ស្លាប់ និងរបួសជនស៊ីវិលជាច្រើន បន្ថែមពីនេះគណប្រតិភូក៏បានចុះពិនិត្យសាលារៀនមួយ ដែលរងការវាយប្រហារដោយកងទ័ពថៃផងដែរ។

សូមជំរាបជូនថា នេះជាលើកទី២ ហើយដែលរដ្ឋាភិបាលកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចរបស់អ្នកការទូតទៅកាន់អតីតតំបន់ជម្លោះ បន្ទាប់ពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូលជាធរមានបាន៤ថ្ងៃ៕
