ភ្នំពេញ — ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គមផ្លូវការ បានបញ្ជាក់ថានៅ រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ថា នាយទាហានទាំង១៨រូបដែលកំពុងស្ថិតក្រោមការឃុំខ្លួនរបស់ភាគីថៃមានសុវត្ថិភាពនិងមានសុខភាពល្អទាំងអស់គ្នា។
ការបញ្ជាក់នេះ គឺបន្ទាប់ពី ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានជួបជាមួយលោក Lloyd Gillett ប្រតិភូកងទ័ពថ្នាក់តំបន់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ។
នៅក្នុងជំនួបនោះ លោក Lloyd Gillett បានចែករំលែកនូវព័ត៌មានអំពីការចុះសួរសុខទុក្ខនាយទាហានទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានភាគីថៃចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលរជាធរមាន។
ចំពោះការចុះសួរសុខទុក្ខពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) នេះ បានទទួលព័ត៌មានថា ទាហានយើងទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំខ្លួនរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា៕
