សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥បានលើកយកសំណុំរឿងក្រុម ដួង តារា ពាក់ព័ន្ធប្រព្រឹត្តអំពើពុករលួយដោះដូរ(លក់)ទីតាំងពន្ធនាគារខេត្តកំពង់ឆ្នាំង មកបើកសវនាការដើម្បីផ្តន្ទាទោសលើជនជាប់ចោទ ។ សវនាការបានធ្វើឡើងជាសាធារណៈ ដែលដឹកនាំដោយលោកស្រី យី សុខវួច ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោកទុង រតនា ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
សវនាការបានធ្វើឡើងចំពោះមុខជនត្រូវចោទ ៤នាក់ ៖ ១-ឈ្មោះ ដួង តារា, ២-ឈ្មោះ មួង ឃីម ជាប់ចោទពីបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, ៣-ឈ្មោះ អ៊ុត ធី ជាប់ចោទពីបទ ជំនួញឥទ្ធិពលសកម្ម តាមបញ្ញត្តិមាត្រា៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, ៤-ឈ្មោះ លី សាម៉េត ហៅគ្រូមា ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា២៩ មាត្រា៥៩៥ មាត្រា៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។
ជនត្រូវចោទទាំង៤នាក់ មានមេធាវីការពារក្តីតាមផ្លូវច្បាប់រៀងៗខ្លួន ហើយក្នុងនោះ ក៏មានការចូលរួមពីមន្ត្រីជំនាញនៃអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ផងដែរ។ សវនាការបានសាកសួរដេញដោលលើជនត្រូវចោទអស់រយៈពេលជាច្រើនម៉ោង ពាក់ព័ន្ធសំណុំរឿងក្នុងការឃុបឃិតគ្នាដោះដូរ (លក់)ទីតាំងពន្ធនាគារខេត្តកំពង់ឆ្នាំងចាស់ទៅទីតាំងថ្មីដែរ មានទំហំទឹកប្រាក់ជាង៣លានដុល្លារអាមេរិក រវាងក្រុមហ៊ុនអះស្ការិទ្ធ ជាមួយសាលាខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០១៨ ។
តាមការស្តាប់ចម្លើយក្នុងសវនាការ ជនត្រូវទាំង៤នាក់ ពិតជាបានឆ្លើយសារភាពមានភាពស៊ីសង្វាក់ពាក់ព័ន្ធបទល្មើសដូចការចោទប្រកាន់ខាងលើនេះ ប៉ុន្តែដោយពេលវេលាដល់ម៉ោងសម្រាករបស់មន្ត្រីរាជការ តុលាការបានលើកពេលប្រកាសសាលក្រមលើសំណុំរឿងនេះ ទៅថ្ងៃក្រោយដោយមិនកំណត់ ។
ជនត្រូវចោទទាំង ៤នាក់ ឈ្មោះ ដួង តារា ឈ្មោះ លី សាម៉េត ហៅគ្រូមា និងឈ្មោះ អ៊ុត ធី ត្រូវបាននាំទៅឃុំខ្លួននៅពន្ធនាគារព្រៃស ចំណែកឈ្មោះ មួង ឃីម អនុរក្សបាននាំទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលវិញ ៕
