ភ្នំពេញ – បន្ទាប់ពីបរាជ័យក្នុងការរៀបចំឈុតឆាកសម្តែងវីដេអូលើកទី១ ដើម្បីចោទប្រកាន់កម្ពុជាថា បានដាក់មីន ភាគីថៃបានបន្តការព្យាយាមថតឈុតឆាកទី២ ដោយប្រើទាំងរូបថត និងវីដេអូដើម្បីបង្កាច់បង្ខូច និងចោទប្រកាន់កងទ័ពកម្ពុជាសារជាថ្មី។
យោងតាមអ្នកជំនាញបានឱ្យដឹងថា ទាំងរូបថត និងវីដេអូដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយថៃ គឺជាការរៀបចំឆាកល្ខោនសុទ្ធសាធ ដើម្បីបង្កើតភស្តុតាងក្លែងក្លាយ សម្រាប់ចោទប្រកាន់កម្ពុជាថា បានដាក់មីនថ្មីៗនៅតាមបណ្តោយព្រំដែន។ ការចោទប្រកាន់នេះត្រូវបានមើលឃើញថា ជាលេសដើម្បីធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធណាមួយ។
អ្នកជំនាញបានបញ្ជាក់ថា ប្រសិនបើជាការលួចដាក់មីនពិតមែន នោះនឹងគ្មាននរណាមកឈរថតវីដេអូទុកជាភស្តុតាងនោះទេ។ ការដាក់មីនគឺគេលួចលាក់នឹងត្រូវធ្វើឡើងដោយប្រុងប្រយ័ត្នខ្ពស់ និងលឿនរហ័សបំផុត មិនមែនធ្វើដោយសម្រួលដូចនៅក្នុងឈុតសម្តែងនោះទេ។ ដូចនេះ ទាំងវីដេអូនិងរូបថតទាំងនោះ គ្រាន់តែជាឈុតឆាករៀបចំឡើង ដើម្បីចោទប្រកាន់កងទ័ពកម្ពុជាប៉ុណ្ណោះ។
បន្ថែមពីនេះ អ្នកជំនាញបានចង្អុលបង្ហាញថា ជនជាតិថៃដែលជាខ្មែរសុរិន្ទអាចនិយាយភាសាខ្មែរបានយ៉ាងច្បាស់លាស់។ រីឯឯកសណ្ឋានកងទ័ពកម្ពុជា ក្រមា និងសម្ភារៈផ្សេងទៀតក៏អាចរកទិញបានយ៉ាងងាយស្រួលនៅក្នុងទីផ្សារប្រទេសថៃ៕
