Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រដ្ឋបាលក្រុងសៀមរាបរៀបចំសណ្តាប់ធ្នាប់ផ្លូវសាធារណៈ ទទួលការគាំទ្រពីប្រជាពលរដ្ឋ

សៀមរាប – កាលពីដើមសប្តាហ៍នេះ រដ្ឋបាលក្រុងសៀមរាបបានចាត់ចែងក្រុមការងារចម្រុះមួយក្រុមដឹកនាំដោយលោក ធា សថានី អភិបាលរងនៃគណៈអភិបាលក្រុង និងជាប្រធានលេខាធិការដ្ឋាន ដើម្បីចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងក្រុង។ សកម្មភាពនេះធ្វើឡើងក្រោមការចង្អុលបង្ហាញពីលោកអភិបាលក្រុងសៀមរាបផ្ទាល់ ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។

លោក ធា សថានី បានឱ្យដឹងថា ក្រុមការងារចម្រុះរួមមាន ក្រុមទី២, ក្រុមទី៦, អាជ្ញាធរសង្កាត់ស្វាយដង្គំ, កម្លាំងនគរបាលប៉ុស្តិ៍, មេភូមិ, ក្រុមហ៊ុនប្រមូលសំរាម និងភាគីពាក់ព័ន្ធជាច្រើនទៀតបានរួមគ្នាចុះដាំដើមឈើលម្អរតាមដងផ្លូវ ការសម្អាតបរិស្ថាន ក៏ដូចជារៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវបេតុង។ ផ្លូវមួយខ្សែនេះមានទទឹង ១៥ ម៉ែត្រ ប៉ុន្តែត្រូវបានចាក់បេតុងបានតែ ៧ ម៉ែត្រប៉ុណ្ណោះ ហើយមានបណ្តោយសរុប ៥៥០ ម៉ែត្រ ចាប់ពីស្ថានីយប្រេងឥន្ធនៈតេលា (ផ្លូវជាតិលេខ ៦) រហូតដល់មុខសណ្ឋាគារស្រអែម។

ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនេះ ក៏មានគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងដោយយថាហេតុផងដែរ។ ក្នុងសកម្មភាពនេះ ម្ចាស់អាជីវកម្មតាមដងផ្លូវ និងប្រជាពលរដ្ឋមូលដ្ឋានបានចូលរួមសហការយ៉ាងសកម្មជាមួយក្រុមការងារ ដោយបានរើទូដាក់លក់ និងសម្ភារៈផ្សេងៗចូលតាមគំនូសដែលបានកំណត់។ លើសពីនេះ ប្រជាពលរដ្ឋក៏បានស្ម័គ្រចិត្តអនុញ្ញាតឱ្យក្រុមការងារដកហូតសម្ភារៈមួយចំនួនដែលបង្កការរាំងស្ទះដូចជា ផើងផ្កា និងទូតាំងលក់ដូរ។

លោក ធា សថានី បានបញ្ជាក់បន្ថែមថា សកម្មភាពចុះរៀបចំសណ្តាប់ធ្នាប់នេះទទួលបានការសាទរ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដែលនេះជាសញ្ញាណនៃភាពជោគជ័យ និងការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងាររបស់រដ្ឋបាលក្រុង៕

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

យ៉ាងហោចណាស់មនុស្សចំនួន ១...